គ្រូស្ដីទី Man UTD អត់ពេញចិត្តចំពោះការលេងរបស់កូនក្រុមក្រោយបានត្រឹមស្មើ Newcastle
លោក Ralf Rangnick អ្នកចាត់ការស្ដីទី Manchester United ថ្លែងថា លោកមិនពេញចិត្តគុណផលក្រុមទាល់តែសោះ ក្រោយបានត្រឹមស្មើជាមួយក្រុមលេខ១៩ Newcastle United ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ។
Edison Cavani ត្រូវបានផ្លាស់ប្ដូរចូលក្នុងវគ្គទី២ និងរកគ្រាប់បាល់បញ្ចូលទីតាមស្មើក្នុងនាទី៧១ ក្រោយ Allan Saint-Maximin ទាត់បញ្ចូលទីឲ្យ Newcastle នាំមុខនាទីទី០៧។
គ្រាប់បាល់បញ្ចូលទីរបស់ Cavani មានន័យថា បានបញ្ចៀសការចាញ់លើកដំបូងសម្រាប់លោក Ralf Rangnick ក្នុងនាមអ្នកចាត់ការស្ដីទី។ យ៉ាងណា គ្រូបង្វឹកជនជាតិអាល្លឺម៉ង់មិនពេញចិត្តការលេងរបស់កូនក្រុមឡើយ។
អតីតគ្រូបង្គោល RB Leipzig ថ្លែងបែបនេះ “៖យើងគ្រប់គ្រងអត់បានល្អ វាមកពីកម្លាំង កាយសម្បទា និងនរណាដែលអាចប្រជែងបាល់ទី២បាន។ យើងធ្វើមិនបានល្អក្នុងចំណុចហ្នឹង។ យើងត្រូវតែត្រៀមឲ្យបានល្អ។ និយាយរួមយើងគ្រប់គ្រងបានមែន តែក៏ខ្ជីខ្ជាណាស់ដែរ។ យើងមានកំហុសច្រើន សម្រេចចិត្តមិនបានត្រឹមត្រូវ។”
Manchester United ស្ថិតនៅលេខ៧ មាន២៨ពិន្ទុ ពីការប្រកួត១៧លើកក្រោមក្រុមលេខ៤ Arsenal ចំនួន៧ពិន្ទុ៕