ជិត២៥ក្រុមហ៊ុនហើយ សន្យាឧបត្ថម្ភក្រុមជម្រើសជាតិថៃ បើលើកពាន AFF Cup
អ្នកស្រី Nuanphan Lamsam អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃបង្ហើបថា មកទល់ពេលនេះមានជិត២៥ក្រុមហ៊ុនហើយដែលសន្យាជួយឧបត្ថម្ភដល់ក្រុមរបស់អ្នកស្រី ប្រសិនបើអាចដណ្ដើមបានជើងឯក AFF Cup 2020។
ក្រុមរហស្សនាមដំរីសឹកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវប៉ះឥណ្ឌូនេស៊ីនៅថ្ងៃទី២៩ ខែធ្នូ សម្រាប់ជើងទី១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ជើងទី២ ក្រោយទម្លាក់វៀតណាម។
ទន្ទឹមនឹងនេះ អ្នកស្រី Nuanphan Lamsam បានត្រៀមកញ្ចប់ទឹកប្រាក់ផ្ទាល់ខ្លួន៣០ម៉ឺនដុល្លារអាមេរិកដើម្បីលើកទឹកចិត្តកូនក្រុមទៀតផង។
បើតាមសារព័ត៌មាន Zing លោកឧត្តមសេនីយ៍ Somyot Phumphanmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃបានផ្ដល់រង្វាន់៣០ម៉ឺនដុល្លារអាមេរិកដល់សមាជិកក្រុមជម្រើសជាតិថៃ ទាំងក្រុមការងារ និងកីឡាករ ក្រោយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
គួរដឹងដែរថា ថៃ ជាក្រុមជោគជ័យជាងគេក្នុងពានរង្វាន់ AFF Cup ដោយធ្លាប់ជាជើងឯក៥ដង។ ក្នុងការប្រកួតឆ្នាំ២០២០ គិតត្រឹមពេលនេះ ពួកគេមិនទាន់ចាញ់ទេ ដោយឈ្នះទាំង៤ប្រកួតក្នុងវគ្គចែកពូល និងឈ្នះក្រុមការពារជើងឯកវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ២ទល់នឹង០ មុនស្មើ០ទល់នឹង០ ក្នុងជើងទី២៕