Bailly មិនចង់បន្តកុងត្រាថ្មីជាមួយ Man UTD ខណៈដែល Real Betis ចាប់អារម្មណ៍ខ្សែការពាររូបនេះ
ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការបដិសេធកិច្ចសន្យាថ្មីជាក្លិប ខណៈដែលកីឡាកររូបនេះត្រូវការពេលវេលាសមស្របសម្រាប់ការប្រកួតប្រជែងថ្មី។ គួររំលឹកថា ខ្សែការពារសញ្ជាតិ កូតឌីវ័រ រូបនេះត្រូវបានលោក Jose Mourinho ទិញពីក្លិប Villarreal ក្នុងតម្លៃ៣០លានផោនយកមកកាន់ទឹកដី Old Trafford នាឆ្នាំ២០១៦។
Bailly ជាខ្សែការពារដែលមានចិត្តអង់អាច តែភាគច្រើនរូបគេតែងទទួលរងរបួស ហើយក៏មិនសូវបានបង្ហាញខ្លួនអោយក្លិបប៉ុន្មាននោះទេ ជាក់ស្តែងក្រោយការដឹកនាំដោយលោក Ole កីឡាករ Bailly បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន១៥ដងក្នុងចំណោមការប្រកួតចំនួន៥០លើកអោយ Man UTD។ ហើយបច្ចុប្បន្ននេះរូបគេទើបតែកើត Covid-19 បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាន ក្រោយពីបំពេញកាតព្វកិច្ចជាមួយក្រុមជំរើសជាតិកូតឌីវ័រ។
យ៉ាងណាក៏ដោយ Man United ចង់រក្សា Bailly ហើយបានផ្តល់កិច្ចព្រមព្រៀងថ្មីដល់ខ្សែការពារ កូតឌីវ័រ បន្ទាប់ពីមានការពិភាក្សាជាមួយតំណាងរបស់គេនាពេលថ្មីៗនេះ។ ដោយឡែកថ្មីៗនេះផងដែរ ក្លិបបាល់ទាត់ Real Betis ដែលមានមូលដ្ឋានក្នុងទឹកដីអេស្ប៉ាញ ក៏កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Eric Bailly អាយុ២៧ឆ្នាំពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះផងដែរ៕