សារព័ត៌មានចិនចង់ឲ្យគ្រូវៀតណាមចូលធ្វើគ្រូបង្គោលជម្រើសជាតិខ្លួន
ក្រោយមានការផ្សព្វផ្សាយព័ត៌មាននៃការចាកចេញរបស់លោក Park Hang seo ពីតំណែងគ្រូបង្គោលជម្រើសជាតិវៀតណាម ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ តទៅនោះ សារព័ត៌មានចិនធំៗបានបង្ហាញឆន្ទៈចង់ឲ្យសហព័ន្ធបាល់ទាត់ខ្លួនទាក់ទងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះទៅដឹកនាំជម្រើសជាតិចិន។
សារព័ត៌មានចិន Titan Plus សរសេរថា លោក Park បានសាងស្នាដៃល្អៗយ៉ាងច្រើនសម្រាប់បាល់់ទាត់វៀតណាម។ លោកធ្លាប់ដឹកនាំវៀតណាមឈ្នះចិនថែមទៀត ដូច្នេះជាឱកាសល្អដើម្បីទាក់ទងលោកទៅដឹកនាំជម្រើសជាតិចិនវិញម្ដង។
ចំណែកសារព័ត៌មានផ្សេងទៀត គឺ Sina និង Sohu ក៏បានផ្សព្វផ្សាយពីដំណឹងរបស់លោក Park ហើយថា ពួកគេក៏ចង់ឃើញធ្វើគ្រូបង្គោលចិនដែរ ព្រោះចិនបានលទ្ធផលមិនល្អទេ។
ចាប់តាំងពីចប់វគ្គជម្រុះ FIFA World Cup 2022 កាលខែមីនា គ្រូបង្គោល Li Xiaopeng មិនបានបង្ហាញមុខជាសាធារណៈឡើយ។ ទន្ទឹមនឹងនេះក៏មានពាក្យចចាមអារ៉ាមថា សហព័ន្ធបាល់ទាត់ចិនកំពុងស្វែងរកគ្រូបង្វឹកថ្មីផងដែរ៕