អតីតកីឡាករភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង និងអគ្គិសនី ចូលរួមជាមួយក្លិបលីគទី២
ខ្សែបម្រើ ស៊ាន ភីសា ដែលធ្លាប់លេងអោយក្លិបច្រើននៅលីគកំពូលបាល់ទាត់កម្ពុជា ដូចជា ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងអគ្គិសនី ជាដើម បានផ្លាស់មកចូលរួមជាមួយក្លិបលីគលំដាប់ទី២ ISI Dangkor Senchey FC ដែលកំពុងតែរៀបចំក្រុមបានយ៉ាងល្អក្នុងការត្រៀមប្រកួតប្រជែងការប្រកួតពានរង្វាន់នានា ។
ស៊ាន ភីសា ផ្ដើមអាជីពបាល់ទាត់ជាមួយបៀលប្រាយយូណាយធីតកាលឆ្នាំ២០១៤ ក្រោយមកក៏រួមភ្នំពេញក្រោន ដែលជួយអោយក្រុមនេះឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៥ មុនផ្លាស់ទៅក្រសួងការពារជាតិដើមរដូវកាល២០១៧ ក្នុងលក្ខខណ្ឌខ្ចី និង ជួយឲ្យក្លិបនេះឈ្នះពានរង្វាន់សម្ដេចតេជោ ។ ក្រោយមកក៏ចូលរួមជាមួយវិសាខាតែពុំសូវមានឱកាសបង្ហាញខ្លួនដោយសារបញ្ហារបួស បន្ទាប់មកក៏បានផ្លាស់មកចូលរួមជាមួយ ភ្នំពេញក្រោនជាថ្មី ប៉ុន្តែក៏ពុំបានបង្ហាញខ្លួនដូចគ្នាដោយសារមានបញ្ហារបួសជាថ្មី រហូតដល់ពាក់កណ្ដាលរដូវកាល២០១៩ ក៏ផ្លាស់ទៅចូលរួមជាមួយអគ្គិសនីកម្ពុជា មុនផ្លាស់មកចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាល២០២០កន្លងទៅ ។ ក្រោយចប់រដូវកាល ២០២០ ខ្សែបម្រើរូបនេះនៅតែមិនមានឱកាសបង្ហាញខ្លួនទើបចាកចេញ ហើយស្វែងរកឃើញក្លិបថ្មី ISI Dangkor Senchey FC ដែលបានប្រកាសជាផ្លូវការនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ នេះ ។
ក្លិបបាល់ទាត់ ISI Dangkor Senchey FC បានចូលរួមជាមួយប្រកួតប្រជែងនៅលីគកំពូលលំដាប់ទី២ កាលពីរដូវកាលមុនដើម្បីឡើងមកលីគកំពូល ប៉ុន្តែបានឡើងដល់វគ្គ Play off តែប៉ុណ្ណោះ ។ សម្រាប់រដូវកាលថ្មី ទោះបីមិនទាន់មានការប្រកួតផ្លូវការ ប៉ុន្តែក្លិបបានរៀបចំយ៉ាងល្អដោយបានតែងតាំងលោក សាប៊ូន វិនតា ជានាយកបច្ចេកទេសរបស់ក្លិប និងបាននាំចូលកីឡាករបន្ថែមដែលសុទ្ធតែមានបទពិសោធ ។ កីឡាករដែលធ្លាប់លេងនៅលីគកំពូលបានចូលរួមជាមួយក្លិបរួមមាន នៅ សុខសិលា , អ៊ុំ គុម្ភៈ , ស៊ុន សុវណ្ណារិទ្ធី , អៀង ទីន និង ស៊ាន ភីសា នេះជាដើម ៕