Koeman លត់ UEFA ចំៗថា គិតតែពីរឿងលុយ
លោក Ronald Koeman អ្នកចាត់ការ FC Barcelona បាននិយាយចំៗដាក់សហព័ន្ធបាល់ទាត់អឺរ៉ុបថា គិតតែពីរឿងលុយ មិនខ្វល់ពីអ្វីទាំងអស់។
គ្រូបង្វឹករូបនេះសង្កត់ធ្ងន់ “៖ UEFA បានតែសម្ដីទេ មិនដែលខ្វល់ពីក្លិប និងកីឡាករទេ។ គិតតែរឿងលុយមួយមុខហ្នឹង។ បើចង់គិតពីអនាគត ក៏ត្រូវគិតពីកីឡាករដែរ។”
អតីតអ្នកចាត់ការ Everton ក៏បានថ្លែងប្រឆាំងទៅនឹងរូបមន្ដថ្មីនៃពានរង្វាន់ UEFA Champions League ដែលចាប់ពីរដូវកាល២០២៤/២០២៥ទៅ ក្រុមទាំងអស់ត្រូវមាន១០ប្រកួតក្នុងវគ្គចែកពូល ជំនួសឲ្យ៦ប្រកួតដូចបច្ចុប្បន្ន។
ទាក់ទងទៅនឹងការប្រកួត European Super League លោក Koeman មិនបាននិយាយអ្វីច្រើនទេ ដោយគ្រាន់តែលើកឡើងថា បាល់ទាត់ គឺសម្រាប់អ្នកគាំទ្រ។
ដោយឡែក FC Barcelona ទើបលើកពាន Copa del Rey។ ពួកគេនៅសល់ឱកាសប្រជែងជើងឯក La Liga ដែរ ដោយបច្ចុប្បន្នកំពុងតាមពីក្រោយក្រុមកំពូលតារាង Real Madrid ៥ពិន្ទុ តែ Barcelona លេងតិចជាង២ប្រកួត៕