ក្លិបបាល់ទាត់ ព្រៃវែង នាំចូលកីឡាករបរទេសពីររូបត្រៀមលីគកំពូលជុំទី២
ក្លិបបាល់ទាត់ព្រៃវែង បានសម្រេចក្នុងការនាំចូលកីឡាករបរទេសចំនួនពីរនាក់សុទ្ធតែមានបទពិសោធច្រើននៅទឹកដីកម្ពុជាសម្រាប់ត្រៀមការប្រកួតលីគកំពូលកម្ពុជាជុំទី២ ដែលចាប់ផ្តើមក្នុងសប្តាហ៍នេះ ។
ក្លិបជើងឯកលីគលំដាប់ទី២កម្ពុជា បានឈានដល់កិច្ចព្រមព្រៀមនាំយកខ្សែបម្រើប្រយុទ្ធចំនួនពីរនាក់រួមមាន Esoh Paul Omogba និង Magson Dourado ។ កីឡាករ Omogba សញ្ជាតិនីហ្សេរីយ៉ា មានបទពិសោធច្រើនលេងនៅលីគកំពូលកម្ពុជា ដោយក្នុងនោះគេធ្លាប់លេងអោយ បឹងកេត , ណាហ្គាវើល និង ភ្នំពេញក្រោន ។ ចំណែកខ្សែប្រយុទ្ធប្រេស៊ីល Magson Dourado ក៏មានបទពិសោធលេងកម្ពុជាច្រើនដែរ ក្នុងនោះគេលេងអោយក្លិប ប៉ូលីស , អាស៊ី អឺរ៉ុប , Tiffy Army និងចុងក្រោយក្លិប គិរីវង់សុខសែនជ័យ ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកថៃ ក្លិប ព្រៃវែង ឆ្លងកាត់ការប្រកួតចំនួន៩ប្រកួតកន្លងមកឈ្នះ ១ ប្រកួត ស្មើ ២ និងចាញ់ ៦ ប្រកួត មាន ៥ ពិន្ទុ នៅលេខរៀងទី១១ នៃតារាងលីគកំពូលកម្ពុជា ៕