
ជ័យជម្នះរបស់ Liverpool លើ Arsenal អាចជាក្តីបារម្ភសម្រាប់ Manchester City!
ជ័យជម្នះ 5-1 ទៅលើក្រុម Arsenal កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅគឺជាសញ្ញាមួយដែលបង្ហាញអោយឃើញថា Liverpool កំពុងតែតម្រង់ដំណើរឆ្ពោះទៅកាន់កាប់ពានរង្វាន់ Premier League លើវិថីដ៏ប្រពៃមួយ។ Liverpool រកបានតែមួយពិន្ទុទេកាលពីជើងទី1នៅពេលដែលគេបានប្រកួតជាមួយ Arsenal នៅឯ Emirate Stadium កាលពីខែវិច្ឆិកាកន្លងទៅដែលកាលណោះ Milner ជាអ្នកជួយអោយក្រុមភ្ញៀវនាំមុខមុន និង Lacazette ជាអ្នកជួយអោយ Arsenal តាមបានស្មើវិញ។ ជ័យជម្នះនៅជើងទី2នេះគឺក្រុមរបស់លោក Jergen Klopp ជាអ្នកតាមពីក្រោយ ក្រោយពី Nile ស៊ុតនាំមុខអោយកាំភ្លើងធំសប្បាយចិត្តបានមុនតាំងពីនាទីទី11។ ក៏ប៉ុន្តែ Liverpool ក៏បណ្តាក់គ្នាស៊ុតរហូតបាន5គ្រាប់មកវិញតាមរយៈកីឡាករប្រេស៊ីល Firmino ចំនួន3គ្រាប់និងរួមចំណែកដោយ Salah និង Mane ម្នាក់មួយគ្រាប់។
នៅមុនការប្រកួតចូលមកដល់គេរាល់គ្នាបានរំពឹងថា Arsenal និងអាចជួយកាត់បន្ថយគម្លាតក្នុងការនាំមុខលើតារាងរបស់ Liverpool បានក៏ប៉ុន្តែការរំពឹងមួយនេះមិនអាចក្លាយជាការពិតឡើយ ផ្ទុយមកវិញ Liverpool នាំមុខកាន់តែឆ្ងាយលើក្រុមលេខ2 Man City ដែលបានឈ្នះ Southampton 1-3 កាលពីយប់ម៉ិញចំនួន7 ពិន្ទុ ខណៈដែល Spur បែរជាភ្លាត់ស្នៀតចាញ់កញ្ជ្រោង Wolverhampton 1-3 ។
នារាត្រីថ្ងៃព្រហស្បតិ៍នេះទ័ពហង្សក្រហម Liverpool និងត្រូវហោះហើរទៅកាន់ទឹកដី Etihad Stadium របស់ Manchester City វិញម្តងសម្រាប់ការប្រកួតដែលត្រូវនឹងសប្តាហ៍ទី21 ហើយម្តងនេះមិនថាតែអ្នកគាំទ្រក្រុមមេឃខៀវខ្លួនឯងទេដែលរំពឹងថាអាចកាច់បំបាក់ស្លាបហង្សក្រហមយកឈ្នះបាន ទោះបីអ្នកគាំទ្រក្រុមដទៃទៀតដូចជា Man United, Spur, Arsenal ជាដើមក៏ចង់ឃើញជ័យជម្នះរបស់ City ដែរ។ កាលពីជើងទីមួយនៅក្នុងទឹកដី Andfield ក្រុមដែលដឹកនាំដោយលោក Pep លៃលកបានតែ1ពិន្ទុប៉ុណ្ណោះក្រោយពីបញ្ចប់ការប្រកួតដោយលទ្ធផល 0-0។
សរុបមកវិញឆ្លងកាត់ការប្រកួត 20 លើកនៅ Premier League ហង្សក្រហម Liverpool មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយទេដោយក្រុមមួយនេះឈ្នះចំនួន17ដងស្មើ3ដងមាន54ពិន្ទុឋិតនៅទីកំពូល។ តាមរយៈការយកឈ្នះលើក្រុមខ្លាំងៗនាពេលកន្លងមកដូចជា ឈ្នះមាន់ខ្នាយមាស Spur 1-2, ឈ្នះបិសាចក្រហម Man Utd 3-1 និងឈ្នះ Arsenal 5-1 វាគឺជាសារគំរាមសម្រាប់ Manchester City ដែលអាចធ្វើអោយក្រុមនេះមានក្តីព្រួយបារម្ភក្នុងការការពារជើងឯករបស់ខ្លួនផងដែរ។