ក្រោយចាញ់យប់មិញ គ្រូ Barca បន្ទោសកូនក្រុមមិនយកចិត្តទុកដាក់លេង
លោក Ronald Koeman អ្នកចាត់ការ FC Barcelona បានរិះគន់កូនក្រុមខ្លួនដែលលេងចាញ់ Cadiz ២-១ កាលពីថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ធ្វើឲ្យពួកគេឃ្លាត១២ពិន្ទុពីក្រោមក្រុមកំពូលតារាង Atletico Madrid ។
Alvaro Negredo បានរកគ្រាប់បាល់ជ័យជម្នះបន្ទាប់ពីមានកំហុសដ៏ច្របូកច្របល់ពី Barca ដែល Jordi Alba បានបោះបាល់ចូលទៅក្នុងឲ្យខ្សែការពារ Clement Lenglet យកមិនបាន ហើយអ្នកចាំទី Marc-Andre ter Stegen បានទាត់មិនផុតជើងខ្សែប្រយុទ្ធ។
Koeman បាននិយាយប្រាប់បណ្តាញទូរទស្សន៍ TV3 បន្ទាប់ពីបរាជ័យជាលើកទី៤របស់ Barca ក្នុង១០ប្រកួតចុងក្រោយនៅ La Liga ថា” យើងចាញ់ដោយសារតែដ៏ហួសចិត្តមួយចំនួន។ នេះមិនមែនជាកម្រិតលេងដែលខ្ញុំរំពឹងពីក្រុមរបស់ខ្ញុំទេ។ វាបង្ហាញថាយើងមិនផ្តោតអារម្មណ៍លើការប្រកួត ហើយអាកប្បកិរិយាក៏មិនទំនង។ ខ្ញុំខកចិត្តមែនទែនហើយយើងត្រូវតែកែលម្អ។”
Alvaro Gimenez បានទាត់បញ្ចូលទីនាំមុខសម្រាប់ Cadiz បន្ទាប់ពីអ្នកចាំទី Andre Ter Stegen ទះចេញមិនផុត។ Barca បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៥៧ តាមរយៈការភ្លាត់ចូលទីខ្លួនឯងដោយ Pedro Alcala។
លោក Koeman បន្ថែមថា “៖នៅពេលដែលយើងធ្វើបានគ្រាប់បាល់តាមស្មើ យើងនៅសល់ពេលកន្លះម៉ោងទៀតដើម្បីរកគ្រាប់បាល់ម្តងទៀត តែយើងមិនអាចធ្វើបាន និយាយរួមទៅ អត់សូវមានបាល់លេងតែម្ដង។”
Barca បានបាត់បង់តំណែងជើងឯកកាលពីរដូវកាលមុនទៅដៃ Real Madrid។ ១០ប្រកួតនៅរដូវកាលថ្មីនេះ ក្រុមលោក Koeman មាន១៤ពិន្ទុស្ថិតនៅលេខ៧៕