អគ្គលេខាបាល់ទះបង្ហើបគម្រោងប្រកួតដណ្ដើមពាន៣ប្រទេស
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបង្ហើបថា លោកកំពុងពិភាក្សាជាមួយភាគីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី និងភាគីសហព័ន្ធកីឡាបាល់ទះម៉ាឡេស៊ី ស្ដីពីលទ្ធភាពនៃការប្រកួតដណ្ដើមពានរង្វាន់មួយក្នុងចំណោម៣ប្រទេសនេះ ហើយអាចប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
ជុំវិញផែនការគម្រោងប្រកួតជាមួយក្រុមបាល់ទះបារាំងវិញ លោកអគ្គលេខាធិការដដែលមានប្រសាសន៍ថា កំពុងចរចាគ្នាថាតើត្រូវនាំកីឡាករកម្ពុជាទៅប្រកួតនៅទីនោះ ឬនាំកីឡាករបារាំងមកប្រកួតនៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា ទោះប៉ះក្រុម B បារាំង ក៏ជារឿងដ៏ល្អ ព្រោះបាល់ទះរបស់ប្រទេសមួយនេះស្ថិតក្នុងចំណោមក្រុមខ្លាំងៗដែលអាចជួយផ្ដល់បទពិសោធ និងបង្កើនគុណភាពដល់ក្រុមកម្ពុជា។
គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងដុតដៃដុតជើងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសខ្លួនដើម្បីឆ្ពោះទៅដណ្ដើមបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕