
Chelsea នឹង Man United សម្លឹងឃើញគោលដៅដូចគ្នាពី West Ham
ក្លឹបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា កំពុងចង់បានខ្សែបម្រើការពារ Declan Rice របស់ក្លិប West Ham United ជាលើកទី២ហើយអាចនឹងប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាផ្ទេររូបគេ ក្នុងរដូវក្ដៅនេះ។
យោងតាមការរាយការណ៍កាលពីថ្មីៗនេះបានឱ្យដឹងថា ក្លិបបិសាចក្រហមក៏កំពុងពិចារណាក្នុងការនាំយក កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ទៅចូលរួមនៅ Old Trafford ដោយចាត់ទុកគេជាបេក្ខជនជួរមុខដើម្បីមកជួយពង្រឹងតំបន់បម្រើជំនួស Pual Pogba។ រីឯ Chelsea នឹងពិចារណា រវាងតារាឆ្នើមរបស់ West Ham រូបនេះ ជាមួយកីឡាករ Aurelien Tchouameni របស់ក្លិប Monaco មុនរដូវកាលថ្មី ២០២២-២៣ ឈានចូលមកដល់។
សូមបញ្ចាក់ថាកីឡាករ២២ឆ្នាំរូបនេះ កំពុងតែបង្ហាញគុណភាពនៅលើទីលានប្រកួតបានយ៉ាងល្អ សម្រាប់ក្រុមញញួរធំអំឡុងរដូវកាល ២០២១-២២ នេះ ដោយរកគ្រាប់បាល់៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី៤លើក ក្នុងការបង្ហាញខ្លួន២៤ប្រកួត គ្រប់ពានរង្វាន់៕
អត្ថបទ Monsoon