
ពានរង្វាន់មិត្តភាពនៅបឹងកេតនឹងអនុវត្តតាមគោលការណ៍លីគ២០២២
ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី Cambodia Airways Pre-Season Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែកុម្ភៈ នាកីឡដ្ឋាន Cambodia Airways របស់បឹងកេត ដោយមាន៤ក្រុមចូលរួម។
ក្រុមទាំង៤មានម្ចាស់ផ្ទះបឹងកេត, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ប្រកួតលក្ខណៈចាញ់ធ្លាក់ (Knock-Out)។
ម្ចាស់ជើងឯកមិនមានប្រាក់រង្វាន់ទេ តែបានពាន១ មេដាយមាស៣៥គ្រឿង, ក្រុមលេខ២បានមេដាយប្រាក់៣៥គ្រឿង និងលេខ៣ បានមេដាយសំរឹទ្ធ៣៥គ្រឿង។
អ្វីគួរកត់សម្គាល់ពីការប្រកួតនេះ គឺអនុញ្ញាតឲ្យមានកីឡាករបរទេសលើទីលាន៤នាក់ តែក្នុងចំណោមនោះត្រូវមានម្នាក់ជាកីឡាករអាស៊ី។ កាន់តែពិសេស គឺយ៉ាងហោចណាស់កីឡាករអាយុក្រោម២២ឆ្នាំ២រូបត្រូវលេងពេញ៩០នាទី ដែលជាបញ្ញត្តិទៅតាមក្របខណ្ឌ Cambodian Premier League 2022 ចែងដោយក្រុមហ៊ុនលីគ។
គួររំឭកថា Cambodia Airways Pre-Season Cup រដូវកាលទី១ កាលពីឆ្នាំ២០២១ មាន៤ក្រុមចូលរួមដូចគ្នា តែប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ។ កាលណោះក្រុមនគរបាលជាតិ បានតំណែងជើងឯក៕