វីដេអូឯកសារស្តីពីជីវប្រវត្តិរបស់គ្រូតា អាឡិច ហ្វើហ្គូសុន នឹងចាក់បញ្ចាំងនៅចុងខែឧសភានេះ
Sir Alex Ferguson: Never Give In គឺជាចំណងជើងនៃឯកសារនេះ ដែលនឹងបរិយាយពិស្តារក្នុងឆាកជីវិតបាល់ទាត់របស់លោក ចាប់តាំងពីជាកីឡាករបាល់ទាត់ រហូតក្លាយជាអ្នកដឹកនាំក្រុមបាល់ទាត់។ នេះជាគំនិតផ្តួចផ្តើមរបស់ Jason ជាកូនប្រុសរបស់លោក។
លោកគ្រូតាបានបញ្ជាក់ថា “បាត់បង់ការចងចាំ វាជាការឈឺចាប់មួយផ្នែក, ហើយពេលនេះខួរក្បាលរបស់ខ្ញុំកំពុងជួបបញ្ហានេះ។ ការផលិតជាភាពយន្តឯកសារនេះឡើង វាហាក់ដូចខ្ញុំកំពុងទស្សនាឆាកជីវិតរបស់ខ្ញុំឡើងវិញ។ កូនប្រុសរបស់ខ្ញុំនឹងដឹកនាំសាច់រឿង ព្រោះគេដឹងរឿងខ្ញុំច្រើនណាស់”។
តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោកហ្វើហ្គូសុន បានសរសេរថា ភាពយន្តឯកសារនេះនឹងចាក់បញ្ចាំងនៅថ្ងៃទៅ២៧ ខែឧសភា ក្នុងរោងភាពយន្ត Amazon Prime Video រួចបន្តទៅប្រទេសអៀកឡង់នៅថ្ងៃទី២៩ និងចែកចាយការចាក់បញ្ចាំងជាអន្តរជាតិចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១តទៅ។
គួរឱ្យដឹងថា Sir Alex Ferguson បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់យ៉ាងគួរឱ្យភ្ញាក់ផ្អើលជាទីបំផុតនៅឆ្នាំ២០១៣ ប៉ុន្តែបានបន្សល់កេរ្តិ៍ឈ្មោះដ៏អស្ចារ្យគឺជាគ្រូបង្វឹកដែលជោគជ័យបំផុតនៅចក្រភពអង់គ្លេសដោយដឹកនាំក្រុមបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League, FA Cup, League Cup, FA Community Shield, UEFA Champions League, European Cup, European Super Cup, Intercontinental Cup និង FIFA Club World Cup ផងដែរ។