ខ្សែការពារ Pepe ផ្លាស់ទៅកាន់ FC Porto សារជាថ្មីម្តងទៀត ដោយលេងជាមួយមិត្តរួមក្រុមចាស់ Iker Casillas
ខ្សែការពារ Pepe កាលពីម្សិលមិញបានសម្រេចចិត្តចុះកុងត្រាជាមួយ FC Porto សារជាថ្មីម្តងទៀត ក្រោយពីប្រកាសផ្តាច់កុងត្រាជាមួយ Besiktas ក្រោយរួមរស់ជាមួយគ្នាកាលពីខែកក្កដាឆ្នាំទៅ។
ក្នុងកិច្ចសន្យា៣ឆ្នាំនៅ Besiktas កីឡាករដើមកំណើតប្រេស៊ីលរូបនេះនឹងទទួលបានថ្លៃនឿុយហត់មួយឆ្នាំ៤លាន៥សែនអឺរ៉ូ បូករួមទាំងប្រាក់លើកទឹកចិត្ត១លាន៥សែនអឺរ៉ូ ប៉ុន្តែយ៉ាងណាក្តីកីឡាករសញ្ជាតិព័រទុយហ្គាល់បានប្រកាសផ្តាច់កុងត្រាក្រោយព្រមព្រៀងជាមួយក្លឹបដោយសារតែមូលហេតុផ្ទាល់ខ្លួន។
គួររំលឹកថា កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចំណាយពេលមួយទសវត្សរ៍នៅ Real Madrid ក្រោយផ្ទេរពី FC Porto កាលឆ្នាំ២០០៧ និង លេងបានជិត៣៥០ប្រកួត ឈ្នះ La Liga ៣ដង និង Champions League ៣ដង។