បាត់ដំណឹងគ្រូធំមិនឃើញឆ្លើយតបអី! សហព័ន្ធបាល់ទាត់ថៃឲ្យគ្រូជំនួយម្នាក់ធ្វើគ្រូធំបណ្ដោះអាសន្ន
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompunmuang និយាយថា គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Akira Nishino បានត្រលប់ទៅជប៉ុនភ្លាមៗ ក្រោយបញ្ចប់យុទ្ធនាការជម្រុះ FIFA World Cup 2022 ជុំទី២ ប្រចាំតំបន់អាស៊ី។
លោក Somyot បានប្រាប់សារព័ត៌មាន SMM Sport ថា ក្រោយចប់ការប្រកួត សហព័ន្ធ និងក្រុមការងារជម្រើសជាតិថៃ មានគម្រោងពិភាក្សាគ្នាដើម្បីវាយតម្លៃការងារ។ ផ្ទុយទៅវិញ គេមិនឃើញការឆ្លើយតបពីលោក Nishino ឡើយ ដូច្នេះសហព័ន្ធក៏សម្រេចចិត្តតែងតាំងគ្រូបង្គោលបណ្ដោះអាសន្ន។
ប្រមុខសហព័ន្ធបាល់ទាត់ថៃបន្ថែមថា មិនអាចទាក់ទងលោក Nishino បានទេ តែនឹងព្យាយាមសួរថាពេលណានឹងត្រលប់ទៅថៃវិញ។ បើតាមប្រភពដដែល លោក Akira ទៅជប៉ុនវិញដើម្បីដោះស្រាយការងារផ្ទាល់ខ្លួនមួយចំនួន។
គិតមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើលោក Nishino នឹងត្រូវបញ្ចប់តំណែងឬយ៉ាងណាទេ ខណៈបច្ចុប្បន្ន លោក Anurak Srikerd ដែលជាគ្រូជំនួយត្រូវបានតែងតាំងជាគ្រូធំបណ្ដោះអាសន្ន ធ្វើការជាមួយលោក Issara Sritaro និងចាប់ផ្ដើមការងារតាមដានសមត្ថភាពកីឡាករ។ ក្រុមជម្រើសជាតិថៃត្រូវមានការប្រកួតសំខាន់ៗ ដូចជា AFC U23 Championship, ជម្រុះ AFC Asian Cup, AFF Cup និងស៊ីហ្គេម។
ត្រលប់ក្រោយទៅការប្រកួតជម្រុះ FIFA World Cup 2022 ជុំទី២ ប្រចាំតំបន់អាស៊ី ថៃបញ្ចប់នៅលេខ៤ មិនអាចបន្តទៅកាន់ជុំទី៣បានឡើយ៕