ការពិតកីឡាករឧត្តរមានជ័យដែលវ៉ៃគ្នាជាមួយសៀមរាបជាអតីតសមាជិកជម្រើសជាតិនិងធ្លាប់លេងលីហ្គកំពូល
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ប្រចាំឆ្នាំ ២០១៩ កាលពីម្សិលមិញមាន ការបង្កជាហឹង្សាដាក់គ្នារវាងសមាជិកក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ និងក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប ពេលការប្រកួតឈានដល់វគ្គទី២ ខណៈសៀមរាបកំពុងនាំមុខ ២ ទល់ ១ ។
ដើមហេតុកើតចេញពីកីឡាករលេខ៤របស់ឧត្តរមានជ័យ ស៊ឹម វុត្ថា ដែលអតីតសមាជិកក្រុម ជម្រើសជាតិបាល់ទាត់កម្ពុជា និងធ្លាប់លេងលីកកំពូលកម្ពុជាជាច្រើនឆ្នាំដោយបានប៉ះទង្គិចគ្នា ជាមួយកីឡាករលេខ៥ របស់សៀមរាប ហោ ស៊ីវែង ហើយក៏បង្កអោយមានការវាយគ្នាពេញ តារាងតែម្តង ។
យ៉ាងណាក៏ដោយក្រោយការសម្របសម្រួលរួចអាជ្ញាកណ្តាលបានផ្តល់កាតក្រហម ដល់កីឡាករ ស៊ឹម វុត្ថា និង ហោ ស៊ីវែង ហើយការប្រកួតបានបន្តរហូតចប់ការប្រកួតដោយលទ្ធផលចប់ការប្រកួត ២ ទល់ ១ ដដែល ។
គួរដឹងដែរថា ស៊ឹម វុត្ថា បានសម្ងំលេងបាល់ទាត់ឲ្យខេត្តឧត្តរមានជ័យ តាំងដំណាច់រដូវកាល២០១៥មក ក្រោយប្រឡូកនៅលីគកំពូលកម្ពុជា ប្រមាណ៥ឆ្នាំ ដោយធ្លាប់លេងឲ្យអគ្គស្នងការនគរបាលជាតិ, បឹងកេត, Alberix Niigata, BBU និង Western និងនៅដើមឆ្នាំ ២០១៣ វុត្ថា ត្រូវអតីតគ្រូបង្វឹកជម្រើសជាតិលោក Lee Tae Hoon កោះហៅហ្វឹកហាត់ក្នុងបញ្ជីជម្រើសជាតិទៀតផង ៕