កម្មករប្រមាណជិត៧ពាន់នាក់បានស្លាប់ក្នុងអំឡុងពេលសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តការណ៍ FIFA World Cup 2022
យោងតាមកាសែត The Guardian បានចុះផ្សាយថា កម្មករប្រមាណចំនួន៦ពាន់៥រយនាក់ បានស្លាប់នៅក្នុងអំឡុងពេលធ្វើការសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
ក្រោយពីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក កាតាបានចាប់ផ្តើមស្ថាបនាកីឡដ្ឋានថ្មីចំនួន៧ចាប់តាំងពីឆ្នាំ២០១០មក ដោយរួមមានទាំងការសាងសង់អាកាសយានដ្ឋាន និងសណ្ឋាគាររាប់សិបកន្លែងថែមទៀតដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ។
យ៉ាងណាក្តី នៅក្រោយឆាកនៃសំណង់ដ៏អស្ចារ្យជាច្រើនរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ក៏មានរឿងរ៉ាវដែលនឹកស្មានមិនដល់ផងដែរគឺ បានធ្វើឱ្យពលករចំណាកស្រុកដែលទៅធ្វើជាកម្មករសំណង់ជាច្រើននៅទីនោះស្លាប់ដល់ទៅរាប់ពាន់នាក់។ កាសែត The Guardian បានចុះផ្សាយថា កាតា បានជួលកម្មករពីក្រៅប្រទេស ដែលរួមានឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា ដោយនៅក្នុងរយៈពេល ១០ ឆ្នាំមកនេះចំណោមកម្មករមកពីប្រទេសទាំង៥ខាងលើ មានតួលេខចំនួន៦៥០០នាក់បានបាត់បង់ជីវិតអំឡុងពេលបំពេញការងារ ដែលនេះមានន័យថា ជាមធ្យមកម្មករ ១២ នាក់បានស្លាប់ជារៀងរាល់សប្តាហ៍។
មូលហេតុសំខាន់ដែលបណ្តាលឱ្យកម្មករស្លាប់ច្រើនសន្ធឹកដូច្នោះ កាសែតដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថាគឺ ដោយសារតែបណ្តាលមកពីសីតុណ្ហភាពរដូវក្តៅខ្លាំងនៅប្រទេសកាតា ដែលឡើងដល់ជាង៤៥អង្សាសេ និងជាមធ្យម លេីស៤០អង្សាសេ រយៈពេលច្រើនខែ។
គួរឱ្យដឹងផងដែរថា បើសិនមិនមានអ្វិប្រែប្រួលនោះទេ ការប្រកួតពានរង្វាន់ FIFA World Cup 2022 ដែលកាតាធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕