Leicester កំពុងប្រឈមមុខនឹងការកាត់ពិន្ទុបើសិនជាឡើងទៅក្របខ័ណ្ឌកំពូលវិញនៅរដូវកាលក្រោយ
បច្ចុប្បន្ន Leicester City កំពុងឈរនៅលើកំពូលតារាង Championship ដោយនៅសល់ 11 ប្រកួតទៀតនៅក្នុងដៃ។ ទោះបីជាចាញ់បីប្រកួតចុងក្រោយរបស់ពួកគេក៏ដោយក៏គេនៅតែរំពឹងថា Leicester ជាបេក្ខភាពដែលនឹងត្រលប់ទៅ Premier League វិញនៅរដូវកាលក្រោយ។
មានសារព័ត៍មានជាច្រើនបានរាយការណ៍ថាក្លឹបកញ្ជ្រោងខៀវ Leicester កំពុងប្រឈមមុខទល់នឹង Premier League និង Championship ជុំវិញការបំពានច្បាប់ FFP ចំនួនពីរករណី។ ក្លឹបផ្សេងៗទឿតមានការសង្ស័យថា Leicester លាក់បាំងលើការខាតបង់ចំនួន 105 លានផោនសម្រាប់រយៈពេល 3 ឆ្នាំ។
ការផ្លាស់ប្តូរច្បាប់ហិរញ្ញវត្ថុមានន័យថាក្លឹបនៅ Premier League ឥឡូវនេះត្រូវបានតម្រូវឱ្យប្រគល់គណនីហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេលបីឆ្នាំចុងក្រោយត្រឹមថ្ងៃទី 31 ខែធ្នូ។
នេះត្រូវបានបង្កើតឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដានការបំពានហិរញ្ញវត្ថុឲ្យបាន យ៉ាងឆាប់រហ័ស ដូច្នេះការដាក់ទណ្ឌកម្មអាចត្រូវប្រព្រឹត្តិទៅបានភ្លាមៗ។ ការចោទប្រកាន់កាលខែមករាប្រឆាំងនឹង Everton និង Nottingham Forest ត្រូវបានចេញជាលទ្ធផលហើយ។ សារព័ត៍មាន The Telegraph អះអាងថា Leicester ក៏នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នាដែរប្រសិនបើពួកគេបាននៅ Premier League កាលពីរដូវកាលមុន។ តែទោះបីជាយ៉ាងណា Leicester នឹងមានសិទ្ធិប្តឹងឧទ្ធរណ៍បាន។
ក្លឹបប្រហែលជាត្រូវលក់កីឡាករនៅរដូវក្តៅនេះ ដើម្បីអនុវត្តតាមច្បាប់ហិរញ្ញវត្ថុ ដោយមិនគិតពីលីគណាមួយសម្រាប់រដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយបើសិនជាក្លឹបបានឡើងទៅក្របខ័ណ្ឌកំពូលវិញវានឹងមានភាពងាយស្រួលសម្រាប់ក្លឹប Leicester City ក្នុងការរកចំណូល ដោយអាចបង្កើតបានតាមរយៈការឧបត្ថម្ភ នឹងមានឈ្មោះជាក្លឹបនៅ Premier League។