Gareth Bale នៅតែចាត់ទុកខ្លួនជាអ្នកគាំទ្រមាន់ខ្នាយមាស Tottenham Hot Spur
(BC-99)
Gareth Bale ខ្សែបម្រើរបស់ក្រុម Real Madrid នៅតែចាត់ទុកខ្លួនឯងជាអ្នកគាំទ្រ Tottenham និងសម្តែងការខកចិត្តចំពោះអតីតក្រុមខ្លួនមួយនេះដែលមិនបានឈ្នះពានរង្វាន់ឌ Champions League កាលពីរដូវកាលមុន។
កីឡាករញ្ជាតិវែល Gareth Bale បានចាកចេញពី Spurs ទៅកាន់ទឹកដី Santiago Bernabeu ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨៦ លានផោនកាលពីខែកញ្ញាឆ្នាំ ២០១៣ និងបានបន្តឈ្នះពាន Champions League ចំនួន ៤ ដងក៏ដូចជាពានរង្វាន់ LaLiga និងពានរង្វាន់ Copa del Rey ថែមទៀត។
ទោះបីជាបានស្នារដៃជួយ Real Madrid បែបនេះក៏ដោយក៏ទំនាក់ទំនងរវាង Bale ជាមួយនឹងអ្នកចាត់ការក្លឹបលោក Zinedine Zidane បានបង្ហាញនូវភាពប្រេះឆារង្គោះរង្គើរនិងត្រូវបានបែកធ្លាយព័ត៌មានស្តីពីការចង់ផ្លាស់ប្តូរអតីតកីឡាករមាន់ខ្នាយមាសម្នាក់នេះទៅកាន់ក្រុម Jiangsu Suning របស់ក្របខណ្ឌ Chinese Super League កាលពីខែកក្កដាទៀតផង។
Bale បានប្តេជ្ញាចិត្តបដិសេធមិនចូលរួមក្រុមនៅទ្វីបអាស៊ីមួយនេះទេ ផ្ទុយទៅវិញគេបានបង្ហាញចេតនាក្នុងការវិលត្រឡប់មកកាន់ក្រុម Tottenham សារជាថ្មី។ នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ Bale បានបង្ហើបចិត្តស្រឡាញ់ចំពោះក្លឹបដែលគេធ្លាប់បានលេងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ ដោយបានពិពណ៌នាអំពីបរាជ័យរបស់ Spurs នៅពានអឺរ៉ុប UCL កាលពីរដូវកាលមុន។
Bale បានប្រាប់ BT Sport ថា “អ្នករាល់គ្នាចូលចិត្តតាមដានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយជាក់ស្តែងណាស់ Tottenham បានឈានដល់វគ្គផ្តាច់ព្រ័ត្រដូចអ្វីដែលខ្ញុំបានសង្ឃឹម។ តែសម្រាប់ពួកយើងដែលជាអ្នកគាំទ្រក្រុម Tottenham មានការខកចិត្តបន្តិចនៅពេលដែលយើងមិនអាចដណ្តើមពានរង្វាន់ក្នុងក្តីស្រមៃបាន” ។
កីឡាករដែលភាគច្រើនអង្គុយលើកៅអីបម្រុងនាអំឡុងពេលលោក Zinedine Zidane កំពុងក្តោបក្តាប់អំណាចនៅ Real Madrid រូបនេះបានបង្ហើយអោយដឹងនៅភាពសោកស្តាយរបស់ខ្លួនបន្ថែមថា “ ខ្ញុំមិនដែលឈ្នះពានរង្វាន់ណាមួយពីមុនមកជាមួយ Tottenham ទេហើយអ្នកក៏មិនដឹងពីអារម្មណ៍រំភើបរីករាយដែលអ្នកទទួលបានពីការលើកពានរង្វាន់នេះដែរ” ។
សូមបញ្ជាក់ដែរថា Bale បានជួយអោយ Real Madrid ឈ្នះ Champions League បាន ៤ សម័យ ហើយអ្វីដែលធ្វើអោយរូបគេមិនអាចបំភ្លេចបាននោះគឺជាការឈ្នះពាននៅទីក្រុង Cardiff នៅប្រទេសកំណើតក្រោយពីផ្តួល Juventus នារដូវកាល ២០១៦-២០១៧ និងការឈ្នះពាននៅរដូវកាល ២០១៧-២០១៨ ដែលរូបគេបានស៊ុត ២ គ្រាប់ទៅលើក្រុម Liverpool នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ។