ផ្លូវការ! ក្រុមតោខៀវ Chelsea បញ្ចប់តំណែងគ្រូបង្វឹក Frank Lampard
ក្រុមតោខៀវ Chelsea បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹក Frank Lampard ជាផ្លូវការហើយកាលពីមុននេះបន្តិច ក្រោយពីដឹកនាំក្រុមឆ្លងទៅកាន់ជុំទី៥នៃពានរង្វាន់ FA Cup។
សម្រាប់មូលហេតុចម្បងរហូតឈានទៅដល់ការបញ្ចប់តំណែងរបស់អតីតខ្សែបម្រើខាងលើនេះគឺដោយសារតែលទ្ធផលនៅក្នុងក្របខ័ណ្ឌ Premier League ទៅវិញទេ ពោលគឹដោយសារតែក្រុមរបស់មហាសេដ្ឋីរុស្ស៊ីធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៩នៅក្នុងសប្តាហ៍ទី១៩នេះ ក្រោយពេលចាយលុយជាច្រើនរយលានក្នុងការនាំចូលកីឡាករថ្មីៗនៅរដូវកាលនេះ។
ដោយឡែកសម្រាប់បេក្ខភាពក្នុងការមកដឹកនាំនៅទឹកដី Stamford Bridge ជាបន្តគឺត្រូវបានគេរាយការណ៍មកថាជា គ្រូបង្វឹក Thomas Tuchel ដែលត្រូវ PSG ទើបបញ្ចប់តំណែងដូចគ្នាកាលពីពេលថ្មីៗនេះ និងលោក Massimiliano Allegri ដែលកំពុងទំនេរដៃពីពិភពបាល់ទាត់ រួមជាមួយលោក Leonardo Jardim ផងដែរ។
គួរឱ្យដឹងថា គ្រូបង្វឹក Frank Lampard បានចំណាយលុយពីគណនីរបស់ Chelsea អស់ចំនួន៣០០លានដុល្លារសហរដ្ឋអាមេរិកក្នុងការនាំចូលកីឡាករថ្មីៗជាច្រើនដូចជា Timo Werner, Hakim Ziyech, Kai Havertz, Ben Chilwell និង Edouard Mendy ជាដើម។