fan Chelsea បាញ់ Drinkwater ចាស់ដៃព្រោះបង្ហោះរូបអបអរក្រោយដេញ Lampard
ខ្សែបម្រើ Danny Drinkwater ដែលកំពុងលេងនៅក្លិបទួរគី Kasimpasa លើលក្ខខណ្ឌខ្ចីពី Chelsea បានបង្ហោះរូបមួយអបអរកាលនៅ Leicester City។
ការបង្ហោះរូបបែបសប្បាយៗនេះធ្វើឡើងចំពេលថ្នាក់ដឹកនាំក្រុមតោខៀវសម្រេចចិត្តដកតំណែងលោក Frank Lampard ពីតួនាទីអ្នកចាត់ការកាលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។ ទង្វើរបស់ Drinkwater ធ្វើឲ្យអ្នកគាំទ្រ Chelsea មិនសប្បាយចិត្ត និងរិះគន់រូបគេយ៉ាងខ្លាំង។
អតីតកីឡាករ Leicester City បានលុបរូបភាពចោលវិញ យ៉ាងណាគេនៅតែរងការបាញ់ចុកៗពី fans Chelsea។ ជាក់ស្ដែងម្ចាស់ account ម្នាក់សរសេរថា “៖អ៊ីចឹងហើយបាន Lampard ឈ្នះ Champions League ហើយ Drinkwater ត្រូវគេរុញទៅទួរគី។”
ម្ចាស់ account ម្នាក់ទៀតសរសេរថា “៖បើគ្រូថ្មីមក ម្នាក់ហ្នឹង (Drinkwater) នៅតែមិនបានលេង ហើយឲ្យក្លិបផ្សេងខ្ចីដដែលចាំមើល។”
Danny Drinkwater បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ៣៧លានអឺរ៉ូ រដូវកាល២០១៧/២០១៨ និងលេងបាន២២ប្រកួត តែរដូវកាល២០១៩/២០២០ គេត្រូវបានបញ្ជូនទៅ Burnley និង Aston Villa លើលក្ខខណ្ឌខ្ចី។ អតីតយុវជន Manchester United ត្រូវបានឲ្យទៅហាត់ជាមួយឈុត U23 Chelsea ទៀតផង។
គេបានបង្កបញ្ហាយ៉ាងច្រើន។ ជាក់ស្ដែង ឆ្នាំ២០១៩ កីឡាករវ័យ៣០ឆ្នាំត្រូវគេវាយដោយសារញ៉ែសង្សារអ្នកដទៃ៕