
ដឹងទេ! ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគ្រោងធ្វើរួចរាល់ចុងឆ្នាំ ២០២០ នេះបានថវិកាមកពីណា?
សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហោះនៅលើផេកផ្លូវការណ៍របស់ខ្លួន ថាពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសាងសង់រួចរាល់ចុងឆ្នាំ ២០២០ នេះហើយ ខណៈពេលនេះកំពុងធ្វើមិនឈប់មិនឈរទោះមានជំងឺ COVID-19 យ៉ាងណាក៏ដោយ ដើម្បីត្រៀមសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ “ពេលវេលាដែលកីឡដ្ឋានមរតកតេជោ អាចបញ្ចប់ការសងសង់ជាស្ថាពរនោះគឺនៅដំណាច់ឆ្នាំ២០២០ ព្រោះបើតាមការពិនិត្យនិងប៉ាន់ស្មាន ការសាងសង់នៅសល់ប្រមាណ២០ ទៅ៣០ភាគរយទៀត”។ ឯកឧត្ដម បានបន្ថែមថា សំណង់រឹងនៃពហុកីឡដ្ឋានខាងលើនេះបានធ្វើរួចរាល់ គឺនៅតែបំពាក់គ្រឿងបរិក្ខារដូចជាកៅអី បង្កាន់ដៃ ដំបូល កញ្ចក់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបំពាក់នៅក្រោមអគារប៉ុណ្ណោះ។ បើទោះជាបច្ចុប្បន្នកំពុងមានជំងឺឆ្លង COVID-19 យ៉ាងណាក្ដីក៏ខាងក្រុមហ៊ុនសាងសង់របស់ចិននេះមិនបានផ្អាកសកម្មភាពនោះឡើយពោលដំណើរការជាធម្មតា ដោយគ្រាន់តែមានការប្រុងប្រយ័ត្នមិនអនុញ្ញាតឲ្យកម្មករចេញចូលទៅក្រៅទេ ម្នាក់ៗនៅតែក្នុងការដ្ឋានធ្វើការ។ ខាងភាគីចិននឹងពន្លឿនការងារដែលនៅសល់ខាងលើទាំងប៉ុន្មានឲ្យរួចរាល់ជាស្ថាពរនៅខែធ្នូ ឆ្នាំ ២០២០ ហើយប្រគល់ជូនកម្ពុជាប្រើប្រាស់ចាប់ពីឆ្នាំ ២០២១ តទៅ។
លើសពីនេះ លោកបានមានប្រសាសន៍ថា ចំពោះស្ថានភាពបច្ចុប្បន្នពិតជាមិនមានអ្វីគួរឱ្យបារម្ភឡើយ ទោះមានវីរុសកូរ៉ូណាឬកូវីដ១៩ក៏ពិតមែន តែមិនបានប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ។ ជាក់ស្តែងក្រុមហ៊ុនបានចាត់វិធានការមួយចំនួន បង្ការ និងទប់ស្កាត់វីរុស ទាំងកម្មករជនជាតិចិន និងកម្ពុជា ដែលមិនអនុញ្ញាតឱ្យចាកចេញពីបរិវេណការដ្ឋានឡើយ។ ចំណែកឯបញ្ហាហិរញ្ញវត្ថុឯណោះវិញ គឺគ្មានអ្វីជាបញ្ហាចោទឡើយព្រោះថា គម្រោងមួយនេះមានដើមទុនស្រាប់ក្នុងការចំណាយ។
សូមបញ្ជាក់ថា ថវិកាសាងសង់ពហុកីឡដ្ឋានមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងចំណាយទុនប្រមាណ ១៦០ លានដុល្លារ ដែលអាចផ្ទុកមនុស្សបានជាង ៦ ម៉ឺននាក់ សាងសង់នៅលើផ្ទៃដីជាង ១៦ ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣៕