ព្រះអង្គម្ចាស់នរោត្ដម រ៉ាវីចក្រ ទិញបានក្លិបបាល់ទាត់ថៃ Police Tero
ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបបាល់ទាត់ Police Tero នៃក្របខណ្ឌកំពូលថៃហើយ។
អ្នកសារព័ត៌មានថៃមួយរូបប្រាប់ AMS Sports ថា ព្រះអង្គបានចាយរាជទ្រព្យ១២៦លានបាត ឬជាង៣លាន៥សែនដុល្លារអាមេរិក ស្មើ៧០ភាគរយនៃភាគហ៊ុនក្លិប។
សារព័ត៌មានកីឡាថៃ SiamSports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ និងព្រះបុត្រា នរោត្ដម ម៉ាតេអូ បានយាងទតក្លិបបាល់ទាត់ Police Tero។ ប្រភពដដែលបន្ថែមថា ព្រះអង្គក៏សព្វព្រះទ័យក្នុងការគ្រប់គ្រងក្លិប ហើយក៏ឱ្យបុត្រាលេងនៅលីគថៃដែរ។
គួរដឹងដែរថា ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ មានព្រះជន្ម៤៧ព្រះវស្សា និងជាព្រះរាជនត្តាព្រះបរមរតនកោដ្ឋព្រះមហាវីរក្សត្រ នរោត្ដម សីហនុ។ ព្រះអង្គជាបុត្រាបង្កើតរបស់សម្ដេចព្រះមហិស្សរា នរោត្ដម ចក្រពង្ស៕