Steve Bruce ចេញពីតំណែងអ្នកចាត់ការ Newcastle
អ្នកចាត់ការ Steve Bruce បានចាកចេញពី Newcastle United ហើយ ក្រោយមានការព្រមព្រៀងទាំងសងខាង។
ការចែកផ្លូវគ្នានេះធ្វើឡើង១៣ថ្ងៃបន្ទាប់ពីការចូលកាន់កាប់ក្លិបពីម្ចាស់ថ្មីជនជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងតម្លៃ៣០៥លានផោន។
បុរសវ័យ៦០ឆ្នាំបានដឹកនាំការប្រកួតទី១០០០របស់ខ្លួនក្នុងការងារជាអ្នកចាត់ការ ពេលចាញ់ Tottenham Hotspur កាលពីថ្ងៃអាទិត្យ ដោយលទ្ធផល២ទល់នឹង៣ និងជាការប្រកួតតែមួយលើកគត់ក្រោមការគ្រប់គ្រងពីម្ចាស់ថ្មី។
ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២១/២០២២ នេះ ក្រុមរហស្សនាមសារិកាព្រៃមិនទាន់ឈ្នះនៅឡើយទេ ដោយកំពុងស្ថិតនៅលេខ២បន្ទាប់ពីបាតតារាង រកបានតែ៣ពិន្ទុពីការស្មើ៣ដងក្នុងចំណោម៨ប្រកួតដំបូង។
លោក Bruce ត្រូវបានតែងតាំងជាអ្នកចាត់ការ Newcastle ក្នុងខែកក្កដា ឆ្នាំ២០១៩ ដោយនាំក្រុមនេះបានលេខ១៣ និងលេខ១២ ក្នុងរយៈពេល២រដូវកាលដំបូង៕