ព័ត៌មានពីការដោះដូរកីឡាករ៖ Chelsea ដាក់លក្ខខណ្ឌដល់ទៅ ១២៩លានដុល្លារ បើ PSG ចង់បាន Kante មែន
ខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងក្លឹបតោខៀវ Chelsea កីឡាករកម្ពស់ ១ម៉ែត្រ៦៨ N’Golo Kante កំពុងត្រូវបាន Chelsea ពិភាក្សាជាមួយក្លឹបយក្សបារាំង Paris Saint-Germain ក្នុងការដេញថ្លៃយករូបគេទៅលេងនៅបារាំង។ (ប្រភព៖ Le Parisien)
យ៉ាងណាក៏ដោយ ការពិភាក្សានេះ ហាក់ដូចជាមានភាពយ៉ាប់យឺនបន្តិច ដោយសារ Chelsea ដាក់លក្ខខណ្ឌតំលៃខ្លួនរហូតដល់ទៅ ៩៨លានផោន ឬ ស្មើនឹង ១២៩លានដុល្លារ ប្រសិនបើ PSG ចង់បាន Kante ទៅមែន។ PSG អាចពិបាកសម្រេចបន្តិច ហើយប្រហែលជាអាចបង្ខំចិត្តលក់ Angel Di Maria, Goncalo Guedes, Jese រួមនឹងកីឡាករផ្សេងទៀត ដើម្បីបង្គ្រប់ថ្លៃចំណាយនេះ។ Chelsea បានអារម្មណ៍លំបាកដូចគ្នា ប្រសិនបើ Kante ចាកចេញ ព្រោះថាក្លឹបនេះ បច្ចុប្បន្នកំពុងតែឈានទៅដល់ការបាត់បង់ខ្សែប្រយុទ្ធ និងអ្នកចាំទីដ៏សំខាន់ គឺ E. Hazard និង T. Courtois ដែលទំនងជាកំពុងត្រៀមធ្វើដំណើរទៅកាន់ Real Madrid។
នៅពេលនេះ អ្នកតំណាង Kante និងអ្នកដឹកនាំក្លឹប PSG លោក Antero Henrique កំពុងតែពិភាក្សាគ្នាពីកុងត្រាជាមួយគ្នា ព្រោះថា PSG ទំនងជាពិបាកក្នុងផ្នែកហិរញ្ញវត្ថុបន្តិច បន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើន ក្នុងការចុះកុងត្រាកាលពីរដូវក្តៅមុន លើតំលៃខ្លួនរបស់ Neymar និង Kylian Mbappe ។
គួរជម្រាបជូនថា N’Golo Kante កីឡាករជម្រើសជាតិបារាំង ដើមកំណើតម៉ាលី បានផ្លាស់ពីក្លឹប Leceister មកលេងនៅក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១៦ បន្ទាប់ពីជួយ Leceister លើកពាន English Premier League ជាលើកដំបូង។ ហើយកីឡាករដែលមានភាពខ្មាស់អៀនច្រើនរូបនេះ ទើបតែបានជួយក្រុមជម្រើសជាតិបារាំង ឲ្យលើកពានរង្វាន់ World Cup 2018 កាលពីសប្តាហ៍មុន និងត្រូវបានគេមើលឃើញថា ជាខ្សែការពារដ៏ល្អបំផុត ក្នុងចំណោមខ្សែការពារបារាំងផ្សេងទៀត៕
ជុំវិញព័ត៌មានពីការដោះដូរកីឡាករ សម្រាប់រដូវកាល 2018/2018 សូមកុំភ្លេចតាមដានជាមួយ MSR!
MSR ប្រភពព័ត៌មានកីឡាចម្រុះរបស់លោកអ្នក!