Chelsea ចាយអស់ប៉ុន្មានហើយលើកីឡាករថ្មីទាំង៣រូប?
Chelsea បានចុះកិច្ចសន្យាផ្ទេរយកខ្សែការពារ Ben Chilwell ពី Leicester City ដែលមានសុពលភាព៥ឆ្នាំក្នុងតម្លៃ៤៥លានផោន។
កីឡាករជម្រើសជាតិអង់គ្លេសបានក្លាយជាសមាជិកថ្មីទី៣របស់ក្រុមលោក Frank Lampard អំឡុងទីផ្សារដោះដូរបច្ចុប្បន្ន បន្ទាប់ពីការមកដល់ពីសំណាក់ខ្សែបម្រើស្លាប Hakim Ziyech ពី Ajax Amsterdam និងខ្សែប្រយុទ្ធ Timo Werner ពី RB Leipzig។
សម្រាប់ការមកដល់របស់ Ziyech ពី Ajax កន្លងទៅ ក្រុមតោខៀវបានចំណាយប្រាក់៤០លានអឺរ៉ូ ឬស្មើនឹង៣៥លាន៨សែនផោន។ ចំណែកខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner មានតម្លៃ៤៧លាន៥សែនផោន។ ដូច្នេះសរុបត្រួសៗមក Chelsea បានចំណាយលុយជិត១៣០លានផោនហើយលើកីឡាករថ្មីទាំង៣រូប។
ក្រៅពីអ្នកទាំង៣ខាងលើ Chelsea ក៏កំពុងចរចាជាមួយ Bayer Leverkusen លើការផ្ទេរយកខ្សែបម្រើប្រយុទ្ធ Kai Havertz ដែលក្រុមអាល្លឺម៉ង់មួយនេះបានដាក់តម្លៃខ្លួន៩០លានផោន។ យោងតាមសារព័ត៌មាន express.com.uk ក្រុមលោក Lampard បានយល់ព្រមលើតម្លៃ៩០លានផោននេះទៅហើយ ដោយរង់ចាំការសម្រេចកិច្ចព្រមព្រៀងផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រុមនៅ Premier League ដដែលទំនងជិតទទួលបានដោយឥតគិតថ្លៃនូវខ្សែការពារ Thiago Silva ដែលអស់កិច្ចសន្យានៅ Paris Saint Germain ផងដែរ៕