
គ្រូបង្វឹក Jose Mourinho បង្ហើបពីពេលវេលាដែលត្រូវត្រឡប់មកដឹកនាំនៅលើទីលានវិញ
កាលពី២សប្តាហ៍មុន Tottenham Hotspurs បានសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho ទាំងតក់ក្រហល់យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់នឹង Manchester City នឹងចូលមកដល់។
គិតមកទល់ពេលនេះ សម្រាប់មូលហេតុនៃការចែកផ្លូវគ្នាជាមួយបុរសរហស្សនាម The Special One មិនត្រូវបានបញ្ជាក់ឱ្យច្បាស់ទេ ខណៈសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ដោយសារតែបញ្ហាលទ្ធផលមិនល្អនៅរដូវកាលនេះទើបធ្វើឱ្យម្ចាស់ក្លឹបក្រុមរហស្សនាមមាន់ខ្នាយមាសមិនសប្បាយចិត្ត ខណៈដែលរបាយការណ៍ផ្សេងៗទៀតបានចុះផ្សាយថា លោក Jose Mourinho អស់តំណែងដោយសារតែបានធ្វើពហិការមិនដឹកនាំកូនក្រុមហ្វឹកហាត់ព្រោះលោកមិនគាំទ្រនៅពេលដែលដឹងថា Spurs មានឈ្មោះដើម្បីត្រៀមលេងនៅក្នុងពានរង្វាន់ថ្មី European Super League ដែលជាការបំផ្លាញពិភពបាល់ទាត់នៅអឺរ៉ុប។
និយាយនៅក្នុងកិច្ចសម្ភាសន៍មួន លោក Jose Mourinho និយាយថា៖ “ខ្ញុំមិនទាន់ប្រញ៉ាប់ក្នុងការត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះខ្ញុំកំពុងតែរីករាយជាមួយជីវិតរបស់ខ្ញុំឥឡូវនេះ។ ខ្ញុំនឹងសម្រេចថាមកវិញនៅពេលដែលមានក្រុមណាសាកសមនិងមានគំនិតដូចជាមួយនឹងខ្ញុំ។”
គួររំលឹកថា លោក Jose Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹក Tottenham Hotspurs កាលពីរដូវកាលមុនជំនួសតំណែងលោក Mauricio Pochettino ដែលត្រូវបានបញ្ចប់តំណែងដូចគ្នាក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ។ ដោយឡែកសម្រាប់អ្នកមកជំនួសកៅអីលោក Jose Mourinho វិញនៅរដូវកាលនេះគឺ អតីតខ្សែបម្រើ Ryan Mason ជាទទួលបន្ទុកជំនួសជាបណ្តោះអាសន្ន។