រឹង ប៊ុនហៀង ប្រាប់មូលហេតុចាកចេញពីទ័ព និងក្លិបថ្មីដែលអាចចូលរួមនារដូវកាលថ្មី
តារាជើងស៊ុតរបស់បាល់ទាត់ក្រសួងការពារជាតិ រឹង ប៊ុនហៀង ប្រាប់អំពីមូលហេតុមួយចំនួនក្នុងការចាកចេញនារដូវកាលនេះ និងបានបង្ហើបក្លិបថ្មីដែលកំពុងចរចារសម្រាប់ចូលរួមក្នុងរដូវកាលថ្មីដែលចាប់ផ្តើមខាងមុខនេះ ។ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះជាកីឡាករក្នុងស្រុកទី៥ហើយដែលបានផ្លាស់ចេញពីក្លិបជើងឯកសម្តេច ហ៊ុន សែន ៣សម័យមួយនេះ បន្ទាប់ពី ឈិន ឈឿន ច្រឹង ពលរដ្ឋ អ៊ុំ វិចិត្រ និង មុត សត្យា ។
អតីតកីឡាករ បៀលប្រាយ បានប្រាប់ MSR SPORT ថា ការចាកចេញនេះ ដោយសារចង់ផ្តល់ឱកាសអោយកីឡាករជំនាន់ក្រោយបានបញ្ចេញសមត្ថភាពលើទីលានអោយបានច្រើន និងចង់ស្វែងរកបទពិសោធថ្មីជាមួយនឹងក្លិបផ្សេងទៀត ក្នុងការពង្រឹងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួនបន្ថែមទៀត ។ រូបគេបានបន្ថែមថា សម្រាប់ក្លិបដែលកំពុងចង់បានរូបគេទៅចូលរួមក្នុងរដូវកាលនេះមានដូចជា វិសាខា និង ណាហ្គាវើល ជាដើម ។
សូមបញ្ជាក់ថាកីឡាករដើមកំណើតនៅក្រុងតាខ្មៅ រូបនេះបានចូលរួមជាមួយក្លិបក្រសួងការពារជាតិនៅឆ្នាំ២០១៦ ដោយបានជួយក្លិបឈ្នះជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ចំនួនពីរដង និងជាប់ជាកីឡាករជម្រើសជាតិតាំងពីជំនាន់ដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េ Lee Tae Hoon ជាពិសេសថ្មិៗនេះរូបគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នាប្រទសហ្វីលីពីនទទួលបានចំណាត់ថ្នាក់លេខ៤ជាប្រវិត្តសាស្ត្រផងដែរ ៕