ផ្ទុះវិវាទរវាងម្ចាស់ក្លិប Benfica និងគ្រូៗរឿងផ្ទេរ Costa
កាលពីប៉ុន្មានថ្ងៃមុន មានលេចដំណឹងស្ដីពីការចូលរួមក្លិបបាល់ទាត់ Benfica ពីសំណាក់ខ្សែប្រយុទ្ធ Diego Costa ដែលកំពុងទំនេរក្រោយផ្ដាច់កិច្ចសន្យានៅ Atletico Madrid ដើមឆ្នាំ២០២១នេះ។
ផ្ទុយទៅវិញសារព័ត៌មានមួយឈ្មោះថា Record បានរាយការណ៍នៅថ្ងៃសុក្រ ទី២៦ ខែមីនា ថា រឿងរ៉ាវនេះអាចនឹងពិបាកកើតឡើង បន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងថ្នាក់ដឹកនាំ និងក្រុមការងារគ្រូៗក្លិបរបស់ព័រទុយហ្គាល់ខាងលើ។
សារព័ត៌មានសង្កត់ធ្ងន់ថា ប្រធានក្លិប Benfica លោក Luis Felipe Viera ជាអ្នកចង់បាន Costa ដោយខ្លួនឯង និងថែមទៀតទៅពិភាក្សាជាមួយសាមីកីឡាករដែលទាំងគ្រូបង្គោល Jorge Jesus និងក្រុមការងារជ្រើសរើសមិនបានដឹងមុនផង។ មិនតែប៉ុណ្ណោះ លោក Viera អាចនឹងហោះទៅក្រុងម៉ាឌ្រីដដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធអេស្ប៉ាញដើមកំណើតប្រេស៊ីលថែមទៀត។
ក្រុមការងារមិនចង់បានអតីតសមាជិក Chelsea រូបនេះទេ ព្រោះគិតថា ចាយលុយច្រើនពេក ហើយម្យ៉ាងគេក៏អាយុច្រើនទៅហើយ លេងមិនបានយូរទេ។
តាំងពីចែកផ្លូវជាមួយ ATM កីឡាករវ័យ៣៣ឆ្នាំមិនទាន់រកក្លិបថ្មីបាន ទោះមានការចង់បានពីក្លិបអឺរ៉ុប និងនៅអាស៊ី។ បញ្ហាដែលនៅទាក់ទើអាចមកពីថ្លៃនឿយហត់របស់គេដែលចាប់ពី៣លានអឺរ៉ូឡើងទៅ៕