Elon Musk ថា ការចង់ទិញក្លិប Man UTD គ្រាន់តែជារឿងលេងសើច
មហាសេដ្ឋីអាមេរិក លោក Elon Musk បានចេញមុខបកស្រាយថាការបង្ហោះរបស់ខ្លួននៅគណនី Twitter ជុំវិញការចង់ទិញយកក្លិប Man United គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។
យ៉ាងណា ថ្មីៗនេះលោក Elon Musk ដែលជានាយកក្រុមហ៊ុន Tesla បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីលោកបង្ហោះសារនៅលើ Twitter ថា លោកចង់ទិញយកក្លិប Man UTD, ប៉ុន្តែក្រោយមកលោកបកស្រាយវិញថា ការបង្ហោះសារមុននេះវាគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។
នេះមិនមែនជាលើកដំបូងទេដែលលោក Elon Musk បានធ្វើលេងសើចលើបណ្ដាញសង្គម Twitter រឿងចង់ក្រុមហ៊ុនណាមួយ។ កន្លងមកលោកក៏ធ្វើលេងសើចលើការចង់ទិញក្រុមហ៊ុន Coca Cola ជាដើម។ កាលពីខែមេសាលោកបានចំណាយ៤១ពាន់លានដុល្លារទិញយក Twitter តែក្រោយមកមិនចង់ទិញយកវិញ ដែលបង្កឲ្យមានក្ដីក្ដាំមកទល់នឹងសព្វថ្ងៃ៕
– F11