គ្រូជួយអ៊ីតាលីលើកពាន World Cup 2006 ប្រកាសចូលនិវត្តន៍
គ្រូបង្វឹកបាល់ទាត់ជើងចាស់ លោក Marcelo Lippi នាប្រកាសចូលនិវត្តន៍ពីការងារដឹកនាំហើយ ក្រោយទំនេរតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពេលចាកចេញពីជម្រើសជាតិចិន ដោយសារចាញ់ស៊ីរីក្នុងវគ្គជម្រុះ FIFA World Cup 2022។
គ្រូវ័យ៧២ឆ្នាំបានផ្ដើមការបង្ហាត់បាល់ទាត់នៅក្រុម U19 Sampdoria ឆ្នាំ១៩៨២ មុនចូលកាន់ក្រុមធំជាច្រើនដែលមាន Atlanta, Napoli និង Juventus ពីរលើកពីចន្លោះឆ្នាំ១៩៩៤ដល់១៩៩៩ និង២០០៤ដល់២០០៦។ នៅក្រុមសេះបង្កង់ លោក Lippi បានលើកពាន UEFA Champions League មួយលើក និងលីគកំពូលអ៊ីតាលី៥ដង។
លោកបានចូលកាន់តំណែងជម្រើសជាតិអ៊ីតាលីឆ្នាំ២០០៦ និងលើកពាន FIFA World Cup ឆ្នាំនោះតែម្ដងតាមរយៈជ័យជម្នះលើក្រុមជម្រើសជាតិបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លោក Marcelo Lippi ក៏បានដឹកនាំក្លិប Guangzhou Evergrande ចាប់ពីឆ្នាំ២០១២ ដោយឈ្នះជើងឯកលីគកំពូលចិន៣ដង និង AFC Champions League មួយលើក។ លោកបានកាន់តំណែងជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់ចិន ពីឆ្នាំ២០១៤ដល់២០១៥ មុនចូលធ្វើគ្រូបង្គោលជម្រើសជាតិបន្ទាប់មក។
នៅខែកក្កដាកន្លងទៅ មានលេចឮដំណឹងថា លោក Lippi បានពិចារណាការងារជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់អ៊ីតាលីទៀតផង៕