ឥណ្ឌាសមជើងជាមួយហ្សកដានីនៅកាតារ មុនប៉ះកម្ពុជាជម្រុះ AFC Asian Cup
លោក Igor Stimac គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានបង្ហាញឈ្មោះកីឡាករ២៥នាក់ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ក្រុងដូហា ប្រទេសកាតារ ដើម្បីប្រកួតមិត្តភាពជាមួយហ្សកដានី នៅថ្ងៃទី២៨ ខែឧសភា។
នេះជាផ្នែកមួយនៃការរៀបចំរបស់ឥណ្ឌាមុនប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup។ ពួកគេក៏បានប្រកួតមិត្តភាពក្នុងស្រុកនៅ Bellary និង Kolkata។
ក្រុមរហស្សនាម Blue Tigers បានធ្វើដំណើរទៅកាន់ក្រុងដូហា នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ជាកន្លែងដែលពួកគេនឹងបន្តការហ្វឹកហាត់មុនធ្វើដំណើរទៅកាន់ប្រទេសហ្សកដានី។
ក្រោយបញ្ចប់ការប្រកួតមិត្តភាព ក្រុមត្រូវត្រឡប់ទៅក្រុង Kolkata នៅថ្ងៃទី៣០ ខែឧសភា មុនចាប់ផ្តើមហ្វឹកហាត់ឡើងវិញសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Qualifiers។
គួរដឹងដែរថា ឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គជម្រុះ AFC Asian Cup 2023 ប្រចាំពូល D ដែលមានកម្ពុជា, អាហ្វហ្គានីស្ថាន និងហុងកុង៕