ឃីម បូរ៉ា អាចចាត់ទុកជាកំពូលអ្នកប្រដាល់ទម្ងន់ ៦០ប្រចាំប្រទេស ក្រោយឈ្នះខ្សែក្រវាត់គោជល់
គុនខ្មែរ ឃីម បូរ៉ា អាចចាត់ទុកជាកំពូលអ្នកប្រដាល់គុនខ្មែរប្រភេទទម្ងន់ ៦០ គីឡូក្រាមប្រចាំប្រទេសកម្ពុជាបាននាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរូបគេឈ្នះជើងខ្លាំងគុនខ្មែរជាច្រើនរូប ជាពិសេសទើបទទួលបានខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នារដូវកាលទី២ កាលពីចុងសប្តាហ៍ផងដែរ ។
មុននឹងក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់នេះកូនប្រុសលោកគ្រូ ហេង ប៊ុនឃីម បានឆ្លងកាត់ជើងខ្លាំងវ័យក្មេងចំនួន៣នាក់ ក្នុងនោះប្រកួតជុំទី១រូបគេបានយកឈ្នះពិន្ទុ ឈុត សេរីវ៉ាន់ថង , ប្រកួតលើកទី២ រូបគេបានយកឈ្នះ តាញ់ មករា ដោយពិន្ទុក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមទី១ និងប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់កាលពីថ្ងៃ សៅរ៍ ជាមួយ ម៉ឺន មេឃា ដែលជាការប្រកួតដ៏តានតឹងពេញ៥ទឹកជាលទ្ធផល ប្អូនប្រុស ឃីម ឌីម៉ា នៅតែបន្តឈ្នះ ដោយបានគ្រងខ្សែក្រវាត់ រួមជាមួយប្រាក់រង្វាន់ ៥០០០ ដុល្លារ ។
ការប្រកួតឈ្នះជើងខ្លាំងទាំង៣រូបនេះ និងឈ្នះការប្រកួតមិត្តភាពកន្លងមក ឃីម បូរ៉ា កំពុងស្ថិតនៅកំពូលកីឡាករគុនខ្មែរប្រភេទទម្ងន់ ៦០ ប្រចាំប្រទេសតែម្តង ដោយមិនទាន់មានកីឡាកររូបណាអាចឈ្នះរូបគេបានឡើយ ខណៈនៅកីឡាករម្នាក់ទៀតដែលមិនទាន់ប៉ះជាមួយរូបគេគឺ អេលីត ចំរើន ដែលគេចាត់ទុកថាជាជើងខ្លាំងម្នាក់ក្នុងទម្ងន់ ៦០ គីឡូក្រាម នេះដែរ ៕