ចាញ់កីឡាករចិន មាស ម៉ើ មិនសោកស្តាយ ប៉ុន្តែបារម្ភបាត់ឱកាសកម្មវិធីធំៗ(វីឌីអូ)
ការចាញ់កីឡាករចិន Xie Chao ក្នុងព្រឹត្តិការណ៍ One Championship កាលពីម្សិលមិញអ្នកប្រដាល់គុនចម្រុះកម្ពុជា មាស ម៉ើ មិនបានសោកស្តាយនោះទេ ប៉ុន្តែមានការបារម្ភខ្លាចបាត់បង់ឱកាសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ទៅថ្ងៃ ខាងមុខ ព្រោះតែរូបគេចាញ់ពីរប្រកួតជាប់គ្នានៅ One Championship នេះ ។
ម្ចាស់ខ្សែក្រវាត់ KWC បានរៀបរាប់ថា សម្រាប់ការប្រកួតជាមួយកីឡាករចិននៅសង្ហិបុរីនេះចាញ់មិនសូវមានអារម្មណ៍សោក ស្តាយនោះទេ ព្រោះរូបគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្បាច់អ្វីៗបានបញ្ចេញអស់ហើយ ប៉ុន្តែកីឡាករចិននេះពិតជា ល្អគ្រប់យ៉ាងហើយមានក្បាច់លើសពីយើងច្រើន ដូចនេះទើបដឹងខ្លួនថាយើងនៅមានកម្រិតត្រូវហាត់បន្ថែមចំណុចជាច្រើនទៀត ។
កីឡាករដើមកំណើតខេត្តកំពង់ធំ បន្ថែមថាខ្ញុំទទួលស្គាល់ថាកម្លាំងរបស់ខ្ញុំគឺចុះខ្សោយក្នុងទឹកទី៣ដែលធ្វើអោយមិនអាច តស៊ូបានទៀត ខណៈការចាញ់លើកនេះទៀតធ្វើអោយខ្ញុំមានការបារម្ភចំពោះឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំដូចនេះទៀត នាថ្ងៃខាងមុខ ព្រោះក្តីស្រមៃរបស់ខ្ញុំគឺប្រកួតក្នុងកម្មវិធីធំនេះប៉ុន្តែពេលបានចូលរួមហើយបែបធ្វើមិនបានល្អទៅវិញ យ៉ាងណាខ្ញុំមិនបោះបង់ចោលនោះទេ ខ្ញុំនៅតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីសម្រេចក្តីស្រមៃអោយបាន ។
សូមបញ្ជាក់ថា មាស ម៉ើ ចាញ់ពីរប្រកួតជាប់គ្នានៅព្រឹត្តិការណ៍ One Championship នៅក្រៅប្រទេស ប្រកួតទីមួួយគេចាញ់ កីឡាករ ហ្វឹលីពីន ក្នុងទឹកទីមួយ ខណៈលើកទីពីរនេះចាញ់កីឡាករចិន Xie Chao ក្នុងព្រឹត្តិការណ៍ One Championship កាលពីម្សិលមិញ ក្នុងទឹកទីបី ៕