Real Madrid រកចំណូលបានច្រើនជាងគេទោះមានកូវីដ១៩វាយលុក
ការសិក្សាពីក្រុមហ៊ុនសវនកម្ម KPMG បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ថា Real Madrid រកបានចំណូលសរុបចំនួន ៦៨១,២ លានផោន ក្នុងរដូវកាល ២០១៩-២០ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណូល ៨ ភាគរយក៏ដោយ។
ប្រាក់ចំណូលរបស់ក្រុមជើងឯកអេស្ប៉ាញគឺខ្ពស់ជាងគេក្នុងចំណោមជើងឯកក្របខណ្ឌបាល់ទាត់អឺរ៉ុបធំជាងគេទាំង៦។ ម្ចាស់ជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bayern Munich បានចំណូល ៦០៧.២ លានផោន បន្ទាប់មកគឺម្ចាស់ជើងឯកអង់គ្លេស Liverpool (៥៥៧ លានផោន) និង Paris St Germain ជើងឯក Ligue 1 (៥៤០,៦ លានផោន) ។
ការសិក្សារបស់ KPMG ក៏រួមបញ្ចូលផងដែរនូវក្លិប Juventus នៃក្របខណ្ឌ Serie A ដែលមានប្រាក់ចំណូលសរុបចំនួន ៤០១.៤ លានផោន និងជើងឯកព័រទុយហ្គាល់ Porto ស្ថិតនៅលំដាប់ទី៦ ដែលរកបាន ៨៧,៣ លានផោន។
ការសិក្សាបានបង្ហាញដែរថា ម្ចាស់ជើងឯកក្នុងស្រុកទាំង៦របស់អឺរ៉ុបសុទ្ធតែទទួលរងនូវការធ្លាក់ចុះនូវប្រាក់ចំណូលប្រតិបត្តិការ ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោក Andrea Sartori ប្រធានផ្នែកមួយរូបប្រចាំក្រុមហ៊ុនសវនកម្ម KPMG បាននិយាយថា “៖ វិបត្តិមួយតែងតែបង្ហាញនូវការខាតបង់ និងការកែប្រែ។ ដូច្នេះវាជាការលើកទឹកចិត្តមួយដែលអង្គភាពគ្រប់គ្រងសមាគម និងក្លិបបាល់ទាត់ត្រូវពិភាក្សាអំពីការកែទម្រង់ទាក់ទងនឹងប្រតិទិនការប្រកួត, វិធានការគ្រប់គ្រងការចំណាយ, ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងអភិបាលកិច្ចនៃការប្រកួតក្នុងស្រុក និងអឺរ៉ុប។”