ជើងប៉ះជើង ! ឡុង សំណាង យក២លានរៀលពី ថុល មករា ក្នុងកម្មវិធីគោជល់
ពិតជាជក់ចិត្តខ្លាំងក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ គូដណ្តើមប្រាក់២លានរៀលរវាងកីឡាករ គុនខ្មែរ ឡុង សំណាង និង ថុល មករា កាលពីថ្ងៃ សៅរ៍ ។ ការប្រកួតនាសង្វៀន CNC រវាងកីឡាករទាំងពីរពិតជាល្អមើលខ្លាំងដោយការប្តូរកណ្តាប់ដៃ ទាត់ និងកែង ផងដែរ ។
ថុល មករា របស់ក្លិបនាយកដ្ឋានអង្គរក្ស ដែលល្បីល្អទាត់ជើងក្រោម បានព្យាយាមទាត់លើ ឡុង សំណាង ដែលមានបញ្ហាជើងក្នុងការប្រកួតពីរដងចុងក្រោយរបស់គេ ប៉ុន្តែសម្រាប់លើកនេះកូនសិស្សរបស់លោក ឡុង សាលវ័ន្ត រឹងមាំល្អ នឹងសងទៅ មករា យ៉ាងចាស់ដៃ ទាំងទាត់ ជង្គង់ និងកណ្តាប់ដៃ ធ្វើអោយអតីតកីឡាករក្លិប ឃ្លាំងមឿងកីឡា ត្រូវលោកអាជ្ញាកណ្តាលរាប់ទៀតផង ។
ការតស៊ូពេញ៥ទឹក ជ័យជម្នះនិងជាម្ចាស់លុយ២លានរៀលពីគោជល់បានទៅលើ ឡុង សំណាង ដោយបានយកឈ្នះពិន្ទុលើ កីឡាករ ថុល មករា ៕