Man Utd ប្រឈមនឹងមិនបានលេងពានរង្វាន់អឺរ៉ុបនៅរដូវកាលក្រោយប្រសិនបើរឿងនេះកើតឡើង
ក្រុមបិសាចក្រហម Manchester United ទើបតែទទួលបានសារឆ្លើយតបដ៏ក្តុកក្តួលពីសហព័ន្ធបាល់ទាត់អឺរ៉ុបវិញថា ពួកគេមិនអាចកែប្រែច្បាប់ស្តីពីការគ្រប់គ្រងក្លឹបចំនួនច្រើនដោយម្ចាស់តែមួយបានទេ។
ដូច្នេះវាមានន័យថាក្រុមដែលមានប្រវត្តិដ៏ល្អអស់រយៈកាលយូរលង់មកហើយមួយនេះនឹងមិនអាចចូលរួមប្រកួតពានរង្វាន់អឺរ៉ុបបានទេនៅរដូវកាលក្រោយក៏ព្រោះតែ ម្ចាស់ភាគហ៊ុនកាន់កាប់ក្លឹប Manchester United លោក Jim Ratcliffe ក្នុងនាមជាម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈ INOE ក៏ជាអ្នកកាន់កាប់ភាគហ៊ុនក្លឹបបាល់ទាត់ Nice នៅ បារាំង ដែរ។ តាមច្បាប់ UEFA បានចែងថាក្រុមបាល់ទាត់ដែលមានម្ចាស់តែមួយមិនអាចលេងពានរង្វាន់ អឺរ៉ុប កម្រិតដូចគ្នាបានទេ។ វាមានន័យថាប្រសិនបើ Man Utd មានកៅអី Champions League នោះក្លឹប Nice ឯណោះវិញមិនអាចមានមុខនៅក្របខណ្ឌមួយនេះបានទេ។ អីចឹងហើយបានជាគេមានច្បាប់ចែងបន្តទៀតដើម្បីធ្វើការប្រៀបធៀបចំណាត់ថ្នាក់ ពិន្ទុ ចំនួនប្រកួតរហូតដល់កម្រិតលីកថែមទៀតដើម្បីថែរក្សាទុកក្លឹបណាមួយរវាងក្លឹបទាំងពីរឲ្យនៅ Champions League និងទម្លាក់ក្លឹបមួយទៀតឲ្យទៅក្របខណ្ឌ EUROPA League ។
តែប្រសិនបើ Man Utd រដូវកាលក្រោយត្រូវកៅអីប្រកួតក្របខណ្ឌ Conference League នៅវគ្គជម្រុះមុនចូលទៅវគ្គចែកពូលស្របពេលដែល Nice ជាប់ទទួលបានកៅអីក្របខណ្ឌ Conference League វគ្គចែកពូលដោយស្វ័យប្រវត្តិ នោះវាជាការពិតណាស់ដែល Man Utd ត្រូវដកខ្លួនចេញពីកម្មវិធីនេះហើយក៏មិនបានលេងពានអឺរ៉ុបអ្វីទៀតដែរ។