សុខចិត្តចោល Barcelona ក៏មិនចោលជាតិរបស់ខ្លួន!
អ្នកចាំទីរបស់ក្លឹប Nimes នៃក្របខណ្ឌ Ligue 1 បារាំង Fabrice Ondoa បាននិយាយថាខ្លួនបានសុខចិត្តជ្រើសរើសយកក្រុជម្រើសជាតិ កាមេរូន ហើយបដិសេធមិនលេងឲ្យក្រុម Barcelona ជារាងរហូត។
រឿងរ៉ាវនេះបានកើតឡើងនៅពេលដែល Fabrice Ondoa នៅជាកីឡាកររបស់ក្រុម Barcelona B នៅឡើយដែលនៅពេលនោះរូបគេក៏ជិតតម្លើងមកជាកីឡាកររបស់ក្រុម Barcelona ឈុតធំផងដែរ។ តែរឿងគាប់ជួនក៏បានកើតឡើងនៅគ្រានោះ ពោលគឺរូបគេក៏ត្រូវបានក្រុមជម្រើសជាតិ កាមេរូន កោះហៅទៅចូលរួមផងដែរនៅក្នុងការប្រកួតប្រជែងពាន Africa Cup Of Nation 2015 ។ ដោយសារតែខ្លាច Fabrice Ondoa មានរបួសក៏ដូចជាការខកខានឱកាសតម្លើងទៅកាន់ឈុតធំផងនោះ Barcelona B ក៏បានហាមប្រាមអ្នកចាំទីរូបនេះមិនឲ្យទៅចូលរួមជាមួយក្រុមជម្រើសជាតិទេ ។ ដោយសារតែស្រឡាញ់ជាតិរបស់ខ្លួន Ondoa មិនបានធ្វើតាមក្រុម Barcelona B ឡើយដោយគេសុខចិត្តចូលរួមក្រុមជម្រើសជាតិបើទោះជាគេបានត្រឹមតែជាអ្នកចាំទីបម្រុងក៏ដោយ។ ដោយសារការរឹងទទឹងបែបនេះ Barcelona ក៏បានលក់គេចេញទៅឲ្យក្លឹបនៅក្បែខាង Pobla Mafumet នៅឆ្នាំ 2016។
គិតចាប់តាំងពីឆ្នាំ 2014 មកដល់ពេលបច្ចុប្បន្ននេះ Fabrice Ondoa បានចូលរួមលេងជាមួយក្លឹបតូចធំចំនួន 9 មកហើយដែលក្នុងនោះមានក្លឹប Oostende របស់ បែលហ្សិក ដែលរូបគេហាក់ដូចជាមានមនោសញ្ចេតនាខ្លាំងជាងគេ។