Emery ជាគ្រូទី១លើកពាន Europa League ៤ដង ក្រោយ Villareal ឈ្នះ Man UTD
លោក Unai Emery បានបង្កើតកំណត់ត្រាពិសេសក្នុងពានរង្វាន់ Europa League ក្រោយ Villareal ឈ្នះ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី២៦ ខែឧសភា នៅប្រទេសប៉ូឡូញ។
ក្រុមនាវាមុជទឹកពណ៌លឿងលើកពានរង្វាន់ធំទី២ប្រចាំទ្វីបអឺរ៉ុបនេះ តាមរយៈជ័យជម្នះដោយបាល់កាត់សេចក្ដី១១ទល់នឹង១០លើបិសាចក្រហម បន្ទាប់ពីស្មើគ្នា១ទល់នឹង១ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម១៥នាទី២ដង។
Gerard Moreno ជាអ្នកបើកការនាំមុខសម្រាប់ក្រុមមកពីអេស្ប៉ាញក្នុងវគ្គទី១ តែ Edison Cavani តាមស្មើក្នុងវគ្គទី២នាទី៥៥ ហើយក៏ឈានដល់បាល់កាត់សេចក្ដី១១ម៉ែត្រ។
អ្នកចាំទី David de Gea ទាត់១១ម៉ែត្រមិនចូល ជាហេតុធ្វើឲ្យលោក Unai Emery ក្លាយជាគ្រូបង្វឹកទី១ដែលឈ្នះពានរង្វាន់ Europa League ៤ដង វ៉ាដាច់លោក Giovanni Trapattoni។
លោក Emery ធ្លាប់លើកពាននេះ៣លើកនៅ Sevilla ឆ្នាំ២០១៤, ២០១៥ និង២០១៦។
Villarreal ក៏ជាក្រុមទី១ដែលឈ្នះជើងឯក Europa League ក្នុងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ចាប់តាំងពីក្លិបអ៊ុយក្រែន Shakhtar Donetsk ក្នុងឆ្នាំ២០០៨/២០០៩៕