
Castagne នឹងអវត្តមានពីការប្រកួតរហូតដល់ចុងខែវិច្ឆិកា
(BC-99)
ក្លឹប Leicester City បានប្រកាសប្រាប់ឱ្យដឹងនូវដំណឹងគួរឱ្យសោកស្តាយខណៈដែលខ្សែការពារ Timothy Castagne បានរងរបួសដែលនឹងអវត្តមានពីការប្រកួតរហូតដល់ចុងខែវិច្ឆិកានេះ។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានចុះហត្ថលេខាចាកចេញពី Atalanta មកកាន់ Leicester City នៅរដូវកាលនេះបានបង្ហាញពីគុណភាពរបស់ខ្លួនជារនាំងការពារដ៏ចាំបាច់មួយរូបរបស់ក្រុមកញ្ជ្រោងដែលដឹកនាំលោក Brandon Roger ប៉ុន្តែអ្វីៗក៏បានផ្លាស់ប្តូរខុសពីការរំពឹងទុកដោយសារតែបញ្ហារបួសសរសៃពួរដែលអាចឱ្យគេអវត្តមានពីការប្រកួតចំនួនពីរទៅបីសប្តាហ៍។
នៅក្នុងថ្ងៃនេះអ្នកចាត់ការទូទៅ Brendan Rodgers បានប្រាប់អ្នកយកព័ត៌មានថា៖“Timothy អាចនឹងអវត្តមានរហូតដល់ក្រោយការប្រកួតជម្រុះ EURO។ Jonny [Evans] នឹងត្រូវចូលលេងជំនួសកន្លែងមួយនេះ ខ្ញុំបានប្រាប់គេអំពីរឿងនេះកាលពីយប់មិញហើយ។ Timothy បានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងល្អពេលប្រកួតជាមួយក្រុម Arsenal ។ គេមានអារម្មណ៍ឈឺចាប់ម្តងទៀតនៅថ្ងៃនេះហើយវាពិតជាឈឺចាប់ខ្លាំងណាស់ដូច្នេះជាអកុសលគេមិនបានចូលរួមប្រកួតឱ្យក្រុមទេរហូតដល់គេជាសះស្បើយ”។
គួរឱ្យដឹងដែរថា Leicester City ក្រោយពីបានប្រកួតឈ្នះលើកាំភ្លើងធំ Arsenal ១-០ ក៏បានបន្តយកឈ្នះ AEK Athens ១-២ នៅ EUROPA League ។ ក្រុមមួយនេះនឹងបន្តជួបជាមួយ Leeds United ជាបន្តដែរនៅ Premier League នាដើមខែ វិច្ឆិកា នេះ។