Bellerin បានថ្លែងអំណរគុណចំពោះ Arteta ដែលបានផ្តល់ដំបូន្មានអំពីអាជីពបង្ហាញម៉ូដដល់រូបគេ
(BC-99)
Hector Bellerin បានថ្លែងអំណរគុណដល់លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ដែលបានផ្តល់នូវដំបូន្មានដល់ខ្លួនកាលពីពួកគេជាមិត្តរួមក្រុមរបស់កាំភ្លើងធំដោយខ្សែការពារខាងស្តាំរូបនេះបានអនុវត្តន៍តាមរហូតដល់មានអាជីពទី២ជាតារាបង្ហាញម៉ូតសម្លៀកបំពាក់។
ទោះបីទើបតែមានអាយុ ២៥ ឆ្នាំក៏ពិតមែនតែ Bellerin គឺជាកីឡាករដែលមានបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងក្រុមកាំភ្លើងធំ Arsenal និងបានស្ថិតក្នុងចំណោមកីឡាករដែលលេងអោយក្លឹបនេះច្រើនជាងគេដែរ។
Bellerin មានចំណង់ចំណូលចិត្តចំពោះម៉ូដសម្លៀកបំពាក់បែបល្អឆើតនិងប្លែកៗ ហើយគេមិនដែលមានអារម្មណ៍អៀនខ្មាសនៅចំពោះមុខមិត្តរួមក្រុមក្នុងការបង្ហាញសមត្ថភាពដើរបង្ហាញម៉ូតឡើយ បើទោះជាគេត្រូវបានគេរិះគន់សើចចំអកយ៉ាងណាក្តី។ ខុសប្លែកពីមិត្តរួមក្រុមឯទៀត Mikel Arteta បែរជាបានផ្តល់ដំបូន្មាននិងវិធីអោយក្លាយជាអ្នកបង្ហាញម៉ូដក្រៅពីអាជីពជាអ្នកបាល់ទាត់ទៅវិញ។ Bellerin បាននិយាយនៅក្នុងកម្មវិធីកំសាន្តមួយថា “គាត់(Arteta) បាននិយាយកុំអោយខ្ញុំបោះបង់ក្តីស្រមៃ។ ពិតមែនតែយើងជាកីឡាករបាល់ទាត់ តែយើងក៏មានសមត្ថភាពពិសេសធ្វើរឿងមួយផ្សេងទៀតដ៏អស្ចារ្យបានដែរ”។
គួរតែជ្រាបផងដែរថា Hector Bellerin គឺជាអ្នកមានដើមកំណើតនៅ Barcelona និងបានចូលហ្វឹកហាត់បាល់ទាត់នៅសាលាថ្នាលរបស់ Arsenal នាឆ្នាំ ២០១១។ កីឡាកររូបនេះក៏បានក្លាយជាសមាជិកឈុតធំរបស់ Arsenal ពីឆ្នាំ ២០១៣ រហូតដល់ពេលបច្ចុប្បន្នដែលចូលរួមប្រកួតបានចំនួន ១៥១ លើកនិងស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ដែរ។