Arteta បង្កើតប្រវត្តិសាស្ត្រមួយក្រោយជួយ Arsenal ឈ្នះ FA Cup
Mikel Arteta បានក្លាយជាបុគ្គលដំបូងគេក្នុងប្រវត្តិសាស្ត្រ Arsenal ដែលឈ្នះពានរង្វាន់ FA Cup ទាំងក្នុងនាមជាប្រធានក្រុម និងគ្រូបង្វឹក ក្រោយវាយបកយកឈ្នះ Chelsea ២ទល់នឹង១ វគ្គផ្ដាច់ព្រ័ត្រ២០១៩/២០២០ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា នាកីឡដ្ឋាន Wembley។
បុរសជនជាតិអេស្ប៉ាញក៏ជាអ្នកចាត់ការម្នាក់ទៀតរបស់ Arsenal ដែលបានឈ្នះពានរង្វាន់នេះក្នុងរដូវកាលទីំមួយ ចាប់តាំងពីលោក George Graham ធ្វើបានក្នុងឆ្នាំ ១៩៨៦/៨៧។
នៅឆ្នាំ ២០១៤ Arteta ក្នុងនាមជាប្រធានក្រុម បានរួមចំណែកជួយ Arsenal លើកពាន FA Cup បន្ទាប់ពីឈ្នះ Hull City ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
Mikel Arteta បានដឹកនាំក្រុមកាំភ្លើងធំ Arsenal នៅពាក់កណ្តាលរដូវកាលបន្ទាប់ពីលោក Unai Emery ត្រូវបានបណ្តេញចេញពីតំណែង។ ក្រោយ ២៨ ប្រកួតក្រោមការដឹកនាំរបស់ Arteta កន្លងមក Arsenal ឈ្នះ ១៦ ស្មើ ៦ និងចាញ់ ៦។
ជាមួយនឹងពានរង្វាន់ FA Cup នេះ Arsenal ទទួលបានសិទ្ធិទៅវគ្គចែកពូល Europa League ២០២០/២១។
នៅ Premier League រដូវកាលនេះ Arsenal បញ្ចប់នៅចំណាត់ថ្នាក់លេខ ៨ ។ នៅ Europa League ពួកគេបានធ្លាក់ដោយសារ Olympiakos នៅវគ្គ៣២ក្រុម។ ពាន Carabao Cup វិញ Arsenal ត្រូវបានទម្លាក់ដោយ Liverpool ក្នុងជុំទី៤។
នេះជាការលើកពានលើកទី១៤សម្រាប់ Arsenal ខណៈ Pierre-Emerick Aubameyang រកបានពីរគ្រាប់ម្នាក់ឯង ក្រោយ Christian Pulisic បើកការនាំមុខសម្រាប់ Chelsea៕