PSG និង Bayern បានលុយយ៉ាងច្រើនមកដល់ផ្ដាច់ព្រ័ត្រ UCL នេះ
Bayern Munich និង Paris Saint Germain មានថវិកា១៥ លានអឺរ៉ូក្នុងដៃហើយក្រោយឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Champions League ធ្វើឲ្យប្រាក់សរុបរបស់ក្រុមនីមួយៗដល់ទៅជាង ៧០ លានអឺរ៉ូ។
ការប្រកួតនៅឆ្នាំនេះមានការប្រែប្រួលចំព៉ោះពេលវេលាដោយសារ COVID-19 ។ យ៉ាងណា ប្រាក់លើកទឹកចិត្តនៅតែមានលក្ខណៈប្រសើរដដែល។
គិតត្រួសៗក្នុងដំណើរឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ PSG ទទួលបានថវិកាប្រមាណ ៧៦,៦៥ លានអឺរ៉ូ និងមានប្រាក់បន្ថែម ២៧.៧ លានអឺរ៉ូសម្រាប់ចំណាត់ថ្នាក់របស់ពួកគេ។ ទន្ទឹមនឹងនេះតួលេខរបស់ Bayern មានចំនួន ៧៨,៤៥ លានអឺរ៉ូនិង ៣២ លានអឺរ៉ូ។
ក្រុមណាមួយនឹងមានឱកាសទទួលបានប្រាក់បន្ថែមចំនួន ១៩ លានអឺរ៉ូប្រសិនបើពួកគេឈ្នះជើងឯក Champions League និង ៣.៥ លានអឺរ៉ូសម្រាប់ពានរង្វាន់ European Super Cup ។
ប្រាក់រង្វាន់ Champions League ត្រូវបានចែកចាយជាចម្បងលើលទ្ធផលលេងតាំងពីវគ្គជម្រុះដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមនីមួយៗទទួលបាន ១៥,២៥ លានអឺរ៉ូរួចស្រេច ប្រសិនបើឆ្លងចូលវគ្គចែកពូល។ ពួកគេនឹងទទួលបានប្រាក់បន្ថែមចំនួន ២,៧ លានអឺរ៉ូសម្រាប់ការឈ្នះប្រកួតចែកពូលនីមួយៗនិងរកប្រាក់បាន ៩០០,០០០ អឺរ៉ូសម្រាប់លទ្ធផលស្មើ។
ប្រសិនបើឆ្លងចូលវគ្គ១/៨ ក្រុមនីមួយៗនឹងទទួលបានទឹកប្រាក់ចំនួន ៩,៥ លានអឺរ៉ូ។ ចំនួននេះនឹងកើនឡើងប្រសិនបើចូលដល់វគ្គបន្តបន្ទាប់ ពោល១០.៥ លានអឺរ៉ូសម្រាប់វគ្គ១/៤, ១២ លានអឺរ៉ូ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ១៥ លានអឺរ៉ូ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ និង១៩ លានអឺរ៉ូសម្រាប់ជើងឯក។ ។ លើសពីនេះក្រុមទទួលបានប្រាក់ចំណូលបន្ថែមដោយផ្អែកលើក្រុមទីផ្សារទូរទស្សន៍។
Liverpool ដែលជាក្រុមជើងឯកកាលពីរដូវកាលមុនបានប្រមូលប្រាក់រង្វាន់សរុបចំនួន ១០៩ លានអឺរ៉ូ។ ចំនួននេះពិតជាលើសពីម្ចាស់ជើងឯកនៅរដូវកាលនេះ។
គួរដឹងដែរថា Paris Saint Germain ទម្លាក់ RB Leipzig ៣ទល់នឹង០ និង Bayern Munich ឈ្នះ Lyon ៣ទល់នឹង០។ វគ្គផ្ដាច់ព្រ័ត្ររវាង PSG និង Bayern Munich ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែសីហា៕