Courtois បង្កើតកំណត់ត្រាពិសេសមួយក្នុងរយៈពេល៦៦ឆ្នាំក្រោយជួយ Real ឈ្នះ La Liga
អ្នកចាំទី Thibaut Courtois បានរួមចំណែកជួយ Real Madrid ឈ្នះជើងឯក La Liga នៅរដូវកាល២០១៩/២០២០ និងជាលើកទី៣៤ ក្រោយឈ្នះ Villareal ២ទល់នឹង១ ក្នុងជំនួបសប្ដាហ៍ទី៣៧ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា។
អ្វីគួរដឹងនោះ គឺអ្នកចាំទីជនជាតិបែលហ្ស៊ីកខាងលើធ្វើបានកំណត់ត្រាពិសេសមួយក្នុងរយៈពេល៦៦ឆ្នាំដោយក្លាយជាកីឡាករដែលអាចឈ្នះ La Liga ទាំងនៅ Atletico Madrid និង Real Madrid។
កីឡាករដំបូង គឺលោក Jose Luiz Perez-Paya ដែលបានលើកពាន La Liga នៅ Atletico Madrid ឆ្នាំ១៩៥១ ហើយ៣ឆ្នាំក្រោយមកជប់លៀងនៅ Real Madrid ថែមទៀត។
គេចាំបានថា នៅរដូវកាល២០១៣/២០១៤ Courtois បានឈ្នះជើងឯកក្របខណ្ឌកំពូលអេស្ប៉ាញនៅ Atletico Madrid ក្រោមការដឹកនាំដោយលោក Diego Simeone។
នៅសល់កំណត់ត្រាមួយទៀតដែលអតីតសមាជិក Chelsea ខាងលើអាចធ្វើបាន។ ប្រសិនបើរក្សាសំណាញ់ទីក្នុងការប្រកួតចុងក្រោយនៅថ្ងៃទី២០ កក្កដា តទល់ Leganes បាន គេនឹងស្មើកំណត់ត្រាអតីតអ្នកចាំទី Real Madrid លោក Paco Buyo ដែលធ្វើបាន១៩លើកនៅរដូវកាល១៩៨៨/១៩៨៩។
បច្ចុប្បន្នមាន clean sheet ១៨ដងពីការប្រកួត៣៧លើក Courtois មានឱកាសក្លាយជាអ្នកចាំទីល្អប្រចាំរដូវកាល។ Jan Oblak របស់ AT Madrid ធ្វើបាន១៧ដង និង Andre Ter Stegen របស់ Barcelona ធ្វើបាន១៤ដង៕