
អង់គ្លេសណាត់វេលស៍ប្រកួតមិត្តភាពបិទទ្វារដើមខែតុលា
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនឹងជួបប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិវេលស៍ នាកីឡដ្ឋាន Wembley ថ្ងៃទី០៨ ខែតុលា ខាងមុខ។
ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងលក្ខណៈបិទទ្វារដើម្បីគោរពតាមវិធានការរដ្ឋាភិបាល។ ពួកគេធ្លាប់ប៉ះគ្នានៅ EURO 2016 ដែលអង់គ្លេសឈ្នះ២ទល់នឹង១ ដោយ Daniel Sturridge រកបានគ្រាប់ចុងម៉ោងទៅហើយ។
ក្រុមតោកំណាចនឹងឧទ្ទិសការប្រកួតនេះទៅដល់អតីតកីឡាករខ្លួនដែលទទួលមរណភាពនៅ១២ខែចុងក្រោយដែលរួមមានអ្នកធ្លាប់ឈ្នះ World Cup 1966 លោក Jack Charlton, Martin Peters, Norman Hunder និង Peter Bonetti។
ការប្រកួតខែតុលាខាងមុខនឹងមកដល់មួយខែក្រោយចាប់ផ្ដើម UEFA Nations League ២០២០-២០២១ ដែលអង់គ្លេសត្រូវប៉ះអ៊ីស្លង់ និងដាណឺម៉ាក។ ចំណែកវេលស៍ត្រូវជួបហ្វាំងឡង់ និងប៊ុលហ្គារី នៅខែកញ្ញា។
បន្ទាប់ពីប្រកួតមិត្តភាពរួចហើយ Nations League នឹងបន្តពីចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ដោយអង់គ្លេសត្រូវជួបបែលហ្ស៊ីក និងដាណឺម៉ាក ស្របពេលវេលស៍ប៉ះសាធារណរដ្ឋអៀរឡង់ និងប៊ុលហ្គារី៕