ក្រុមការងារ PSG ច្រលំផុសរឿង Ramos លើវិបសាយផ្លូវការ តែក្រោយមកក៏លុបចេញវិញ
ក្រុមការងារ media ក្លិបបាល់ទាត់ Paris Saint Germain បានបង្ហោះព័ត៌មានពីការផ្ទេរខ្សែការពារ Sergio Ramos ដោយជោគជ័យ តែបន្តិចក្រោយមកក៏លុបចេញវិញ។
បើតាមសារព័ត៌មាន Goal ការផុសលើវិបសាយផ្លូវការនេះត្រូវបានប្រទះឃើញព្រោងព្រាតទៅហើយនៅថ្ងៃពុធ ទី០៧ ខែកក្កដា មុនលុបចេញ។ សាច់រឿងនៃការផុស គឺថា PSG បានសម្រេចការផ្ទេរដោយជោគជ័យ និងគ្មានតម្លៃខ្លួន។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ការផុសថែមទាំងបង្ហាញថា Ramos នឹងពាក់អាវលេខ៤ទៀតផង។
Sergio Ramos បានចាកចេញពី Real Madrid ក្រោយចំណាយពេល១៦ឆ្នាំ។ ការចាកចេញនេះត្រូវបានដឹងថា ដោយសារតែពុំមានការឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មី។
នៅកីឡដ្ឋាន Santiago Bernabeu អតីតប្រធានក្រុមអធិរាជសរូបនេះបង្ហាញគុណផលយ៉ាងល្អ និងរួមចំណែកបង្កើតសមិទ្ធផលយ៉ាងច្រើន ដោយមានពានរង្វាន់២២គ្រឿង រួមបញ្ចូលទាំង La Liga ៥ដង និង UEFA Champions League ៤ដង។ គេក៏រកបាន១០១គ្រាប់ពីការចូលលេង៦៧១ប្រកួតគ្រប់កម្មវិធី។
កីឡាករធ្លាប់លើកពាន Euro និង World Cup ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ Paris Saint Germain។ ក្រុមមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសទើបយកបាន Georginio Wijnaldum និង Achraf Hakimi៕