Schmeichel ត្រូវគេបាញ់ភ្លើងឡាស៊ែរដាក់ ពេលចាប់បាល់១១ម៉ែត្ររបស់ Kane
អ្នកចាំទី Kasper Schmeichel ត្រូវបានអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសបាញ់ឡាស៊ែរចំមុខ ខណៈកំពុងត្រៀមចាប់បាល់១១ម៉ែត្ររបស់ Harry Kane ក្នុងម៉ោងបន្ថែម extra time។ ការបង្ហាញវីដេអូយឺតៗសាជាថ្មី គេឃើញមានពន្លឺពណ៌បៃតងកាត់មុខអ្នកចាំទីជម្រើសជាតិដាណឺម៉ាករូបនេះ។
វាមិនជាប៉ះពាល់ដល់ថ្នាក់ចាប់បាល់មិនបានទេ ដោយអ្នកចាំទីដៃទីមួយមកពី Leicester City លោតត្រូវខ្យល់ ហើយទះបានទៀត តែក៏ត្រូវបាន Harry Kane បន្ថែមចូល ដើម្បីផ្ដល់ជ័យជម្នះដល់អង់គ្លេសទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
និយាយពីការប្រកួតវិញ ក្រុមទាំង២បញ្ចប់ដោយលទ្ធផល១ទល់នឹង១ក្នុងម៉ោងធម្មតា ដោយ Mikkel Damsgaard ទាត់ហ្វ្រីឃីកយ៉ាងស្អាតឲ្យដាណឺម៉ាកនាំមុខមុនក្នុងនាទី៣០។ យ៉ាងណា អង់គ្លេសបានតាមស្មើវិញនៅ៩នាទីបន្ទាប់ពីការភ្លាត់ចូលទីខ្លួនឯងដោយខ្សែការពារ Simon Kjaer។ ពេលនោះ Bukayo Saka បានទាត់កាត់ពីស្លាបស្ដាំ ហើយ Kjaer ព្យាយាមរារាំងមិនឲ្យ Raheem Sterling ទាត់បាន ក៏ភ្លាត់តែម្ដង។
លុះចូលដល់ម៉ោងបន្ថែម១៥នាទី២ដង Harry Kane រកបានមួយគ្រាប់ទៀត ឲ្យអង់គ្លេសឈ្នះ២ទល់នឹង១ ឡើងទៅប៉ះអ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា។
នេះជាការឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍សាជាថ្មីក្នុងរយៈពេល៥៥ឆ្នាំសម្រាប់អង់គ្លេស។ ឆ្នាំ១៩៦៦ ពួកគេបានឡើងផ្ដាច់ព្រ័ត្រ World Cup លើដីខ្លួនឯង និងលើកពានតែម្ដង៕