ធ្លាយដំណឹងមេ Barca ចង់យក Griezmann ដូរ Joao Felix ពី ATM
ប៉ុន្មានថ្ងៃមុន Barcelona ចាញ់ Bayern Munich នៅ UEFA Champions League លោក Josep Maria Bartomeu ប្រធានក្លិបអ្នកមានបុណ្យបានដាក់សំណើដ៏គួរភ្ញាក់ផ្អើលមួយទៅកាន់ Atletico Madrid។
លោក Bartomeu ចង់ឲ្យ Antoine Griezmann វិលទៅ ATM វិញ តែក្នុងលក្ខខណ្ឌប្ដូរជាមួយខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix។ Atletico Madrid មិនចាប់អារម្មណ៍នឹងសំណើខាងលើទេ។
ផ្ទុយទៅវិញ លោក Miguel Angel Gil Marin មានបំណងចង់បាន Griezmann ត្រលប់ទៅ Atletico Madrid វិញ ព្រោះមើលឃើញថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះមិនសូវជោគជ័យនៅ Barcelona។ តែដើម្បីធ្វើបែបនេះបាន លោក Miguel បានពិចារណាវ៉ៃចេញខ្សែប្រយុទ្ធ Thomas Lemar និង Diego Costa។
Lemar និង Costa ធ្លាប់ត្រូវបានលោក Miguel ដាក់ទៅ Barcelona ដើម្បីជាថ្នូរប្ដូរយក Griezmann មកវិញដែរ តែក៏ត្រូវបានបដិសេធដូចគ្នា។
ដោយឡែក ប្រសិនបើមើលតាមតថភាពជាក់ស្ដែងបច្ចុប្បន្ន លោក Ronald Koeman អ្នកចាត់ការថ្មី Barcelona សង្កត់ធ្ងន់ថា Griezmann នៅស្ថិតតែក្នុងគម្រោងរបស់ក្លិប និងជាកម្លាំងស្នូលនៅរដូវកាលថ្មី។ គេក៏ស្ថិតក្នុងចំណោមកីឡាករដែលមិនត្រូវលក់ចេញទេ មានដូចជា Lionel Messi, Marc-Andre ter Stegen, Ansu Fati, Clement Lenglet, Nelson Semedo និង Ousmane Dembele៕