កុក បូរីស សង្ឃឹមថា ម្ចាស់ក្លិប Sarawak នឹងដោះស្រាយវិបត្តិបានឆាប់ៗ
ខ្សែការពារកូនខ្មែរបារាំង កុក បូរីស បានសរសេរលើទំព័រ Facebook របស់ខ្លួនថា Sarawak United ពិតជាបានជំពាក់ប្រាក់ឈ្នួលកីឡាករ និងក្រុមការងារ៤ខែមកហើយ ធ្វើឲ្យពួកគេជួបវិបត្តិខ្លាំង។ យ៉ាងណា សមាជិកទាំងអស់ខិតខំប្រកួតដោយឆន្ទៈ។ ពួកគេត្រូវបានប្រធានក្លិបសន្យាថា នឹងផ្ដល់ប្រាក់ខែ តែមិនទាន់ឃើញនៅឡើយ។
ចំពោះបូរីសវិញត្រូវបានក្លិបអនុញ្ញាតឲ្យទៅសម្រាកនៅបារាំងវិញដើម្បីមើលភរិយាដែលទើបឆ្លងទន្លេ។ គេក៏ត្រូវបានសន្យាថា នឹងទទួលបានសំបុត្រយន្ដហោះទៅប្រកួតជាមួយ Johor, Penang, Terranganu និង PJ City តែមិនបានឃើញទេ។
បូរីសសង្ឃឹមថា នឹងគោរពសន្យារបស់ខ្លួនចំពោះសមាជិកគ្រប់រូប។
កាលខែកក្កដា កន្លងទៅ FIFA បានពិន័យក្លិបលីគកំពូលម៉ាឡេស៊ីមួយនេះមិនឲ្យដោះដូរកីឡាករក្នុង ៣ transfer window ពាក់ព័ន្ធទៅនឹងការមិនទូទាត់ប្រាក់ខែដល់អតីតកីឡាករខ្លួនម្នាក់។
គួរដឹងដែរថា កុក បូរីស បានចូលរួមជាមួយ Sarawak United ក្នុងរដូវកាល២០២២នេះលើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន៕