គ្រូ Liverpool ថា ក្រុមខ្លួនគួរទទួលបាន៣ពិន្ទុស្វ័យប្រវត្តិបើការប្រកួតជាមួយ Man UTD ត្រូវផ្អាក
លោក Jurgen Klopp ថា Liverpool គួរទទួលបាន៣ពិន្ទុស្វ័យប្រវត្តិ បើជំនួបជាមួយ Man UTD ត្រូវផ្អាកព្រោះអ្នកគាំទ្របិសាចក្រហមនាំគ្នាធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបគ្រួសារ Glazer ។
ការប្រកួតរវាង Liverpool និង Man UTD នៅសប្តាហ៍ទី៣ក្របខណ្ឌ Premier League នៅថ្ងៃទី២៣ ខែសីហានេះ បានរងការព្រួយបារម្ភពីការធ្វើបាតុកម្មរបស់អ្នកគាំទ្របិសាចក្រហមប្រឆាំងក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប។ រឿងបាតុកម្ម ការអុកឡុកលើទីលាន ពីអ្នកគាំទ្រ ធ្លាប់កើតឡើងហើយ កាលពីខែឧសភា ឆ្នាំ២០២១ ក្នុងជំនួបទល់នឹង Liverpool ដូចគ្នា។ ដូច្នេះហើយ ប្រសិនបើប្រកួតត្រូវផ្អាក លោក Klopp ថា ក្រុមលោកគួរទទួលបាន៣ពិន្ទុ និងឈ្នះស្វ័យប្រវត្តិ។
លោក Klopp និយាយបែបនេះ “ខ្ញុំសង្ឃឹមថាវានឹងមិនកើតឡើងម្តងទៀត ប៉ុន្តែប្រសិនបើវាកើតឡើងមែនខ្ញុំគិតថាយើងគួរតែទទួលបានពិន្ទុ។ យើងគ្មានអ្វីត្រូវធ្វើឡើយជាមួយកាលៈទេសៈបែបនេះ ហើយប្រសិនបើអ្នកគាំទ្រចង់បានការប្រកួតកើតឡើង រឿងមួយនេះមិនគួរកើតឡើងឡើយ ព្រោះយើងមិនអាចរៀបចំការប្រកួតឡើងវិញឡើយ ដោយយើងកំពុងស្ថិតក្នុងរដូវកាលដ៏មមាញឹក។
– F11 –